Kim Kardashian រងការរិះគន់ពីសំណាក់ប្រជាជនជប៉ុន ក្រោយដាក់ឈ្មោះ គីម៉ូណូ (Kimono) ជាម៉ាកខោអាវក្នុងថ្មីរបស់ខ្លួន
កាលពីថ្ងៃអង្គារនេះ តារាទូរទស្សន៍អាមេរិក និងជាសហគ្រិន វ័យ៣៨ឆ្នាំ នាង Kim Kardashian បានប្រកាសនូវខោអាវក្នុងរឹបរាងថ្មីរបស់ខ្លួន ដែលមានម៉ាកឈ្មោះថា Kimono។ យ៉ាងណាមិញឈ្មោះ ខោអាវក្នុងKimono របស់នាងKim Kardashianនេះ ត្រូវបានជនជាតិជប៉ុនសម្តែងការមិនពេញចិត្តជាខ្លាំងដោយអះអាងថា នាងKim Kardashian បានប្រើប្រាស់ឈ្មោះ Kimono គឺមិនមានការគោរពចំពោះសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន គីម៉ូណូ (Kimono) ដែលជាសម្លៀកបំពាក់ប្រពៃណីជប៉ុនមានតាំងពីសតវត្យទី១៥ មកម្ល៉េះ។
គីម៉ូណូ (Kimono) ត្រូវបានគេចាត់ទុកថាជាសម្លៀកបំពាក់ជាតិរបស់ប្រទេសជប៉ុន ដោយបច្ចុប្បន្នវាត្រូវបានពាក់នៅក្នុងឱកាសពិធីបុណ្យជាតិ និងកម្មវិធីពិសេសៗ។ ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Yuka Ohishi បានថ្លែងប្រាប់សារព័ត៌មាន BBC ថា៖ “យើងស្លៀកគីម៉ូណូសឹងតែគ្រប់កម្មវិធីគ្រប់ជំនាន់ទៅហើយ។ ហើយខោអាវក្នុងរឹបរាងនេះគឺមិនដូចទៅនឹងសម្លៀកបំពាក់គីម៉ូណូរបស់យើងឡើយ នាង (Kim Kardashian) បានជ្រើសយកពាក្យ គីម៉ូណូ (Kimono) នេះដោយសារតែមានពាក្យ Kim នៅក្នុងនោះតែប៉ុណ្ណោះ”។