ចង់បានស្បែកសលឿនពេក បែរជាជួបរឿងគួរឲ្យខ្លាច
(វៀតណាម)៖ វេជ្ជបណ្ឌិត Nguyen Thuy Linh អនុប្រធាននាយកដ្ឋានផ្នែកព្យាបាលជំងឺសើស្បែកស្ត្រីនិងកុមារ បានទទួលព្យាបាលនារីវ័យ២៤ឆ្នាំម្នាក់ ដែលស្បែកមុខត្រូវខ្ទេចខ្ទីស្ទើរទាំងស្រុង។
ដោយសារតែមានស្បែកមិនស ទើបនារីរូបនេះសម្រេចចិត្តទិញផលិតផលដើម្បីប្តូរពណ៌សម្បុរ។ ប៉ុន្តែទីបំផុត ស្បែកមុខក៏ប្រែទៅជាក្រាស់ ចេញពណ៌ខ្មៅ រឹងដូចសំបកក្រូច។
នាងបានទៅទិញផលិតផលនោះ ព្រោះមានគេណែនាំថាល្អ ប្រើជាឈុតតែម្តង ដើម្បីសលឿន។ ក្រោយលាបបានមួយរយៈ ក៏ឃើញស្បែកឡើងរឹងគ្រើម ចម្លែកខុសធម្មតា។ នៅពេលដែលនាងបានទៅដល់គ្លីនិកព្យាបាល ហើយអ្នកជំនាញបានប្រាប់ថា ស្បែករបស់នាងកំពុងតែមានប្រតិកម្ម ត្រូវលេបថ្នាំទើបអាចជាសះស្បើយ។
ផលិតផលដែលគ្មានស្តង់ដារត្រឹមត្រូវ អាចឃើញលទ្ធផលស្អាតមួយឆាវ ប៉ុន្តែអ្នកនឹងមានហានិភ័យខ្ពស់ទៅថ្ងៃមុខ។ ហេតុនេះហើយ វេជ្ជបណ្ឌិតសើស្បែក Linh បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានប្រភពច្បាស់លាស់ គ្មានរូបមន្តឬសារធាតុផ្សំតាមក្បួនខ្នាត ឮតៗគ្នា ចង់ស្អាតភ្លាមៗពេក អ្នកនឹងបំផ្លាញស្បែកដោយមិនដឹងខ្លួន ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ Infonet