អាមេរិកបន្តដាក់បញ្ចូលក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ

(ក្រុង​វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក កាល​ពី​ថ្ងៃ​សុក្រ​បាន​ដាក់​បញ្ចូល​ក្រុមហ៊ុន​​​បច្ចេកវិទ្យា ​៥ របស់​ប្រទេស​ ​ចិន ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន ដែល​ជា​វិធានការ​ថ្មី​មួយ​ទៀត​ប្រឆាំង​នឹង​ឧស្សាហកម្ម​កុំព្យូទ័រ​ល្បឿន​លឿន​របស់​ទីក្រុង​ប៉េកាំង​។

វិធានការ​នេះ​បាន​សំដៅ​ទៅ​ Sugon ដែល​ជា​ក្រុមហ៊ុន​ផលិត​​កុំព្យូទ័រ​ល្បឿន​លឿន​ឈាន​មុខ​គេ​របស់​ប្រទេស ​ចិន​ រួម​ជាមួយ​នឹង​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​ផលិត​ឈីប​ខ្នាត​តូចៗ​ចំនួន​ ៣​ និង​វិទ្យាស្ថាន​កុំព្យូទ័រ​មួយ​ដែល​គ្រប់គ្រង​ដោយ​កង​ទ័ព​​រំដោះ​ប្រជាជន​ចិន​។​

ក្រុមហ៊ុន​ទាំង​អស់​នេះ​នឹង​ត្រូវ​​រារាំង​​ដោយ​មិន​ឲ្យ​ទទួល​បច្ចេកវិទ្យា​របស់​អាមេរិក ​បន្ទាប់​​ពី​រដ្ឋាភិបាល​អាមេរិក​​កំណត់​ថា ពួក​គេ​កំពុង ​«​អនុវត្ត​ផ្ទុយ​ទៅ​នឹង​សន្ដិសុខ​ជាតិ​ ឬ​ផល​ប្រយោជន៍​​នយោបាយ​ការ​បរទេស​របស់​អាមេរិក​»។

កាល​ពី​ខែ​ឧសភា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បាន​បន្ថែម Huawei​ទៅ​ក្នុង ​«​បញ្ជី​ឈ្មោះ​» នៃ​ក្រុមហ៊ុន​ដែល​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ទទួល​គ្រឿង​ផ្គុំ​ផលិត​នៅ​អាមេរិក​ ដោយ​មិន​មាន​ការ​អនុញ្ញាត​​ពី​ទីក្រុង​វ៉ាស៊ីនតោន ទោះបី​ជា​ក្រុមហ៊ុន​នេះ​ទទួល​បាន​ការ​ពន្យារពេល​ចំនួន ​៩០ ​ថ្ងៃ​ក៏​ដោយ​។​
ទីក្រុង​ប៉េកាំង ​ក៏​បាន​ឆ្លើយ​តប​​នឹង​ការ​គំរាម​កំហែង​នេះ​ថា នឹង​បញ្ចេញ​បញ្ជី​ខ្មៅ​របស់​ខ្លួន​នៃ​​ក្រុមហ៊ុន​បរទេស​ «ដែល​មិន​អាច​ទុក​ចិត្ត​បាន​» និង​បុគ្គល​ដែល​បង្ហាញ​គោល​បំណង​ក្នុង​ការ​បង្ខិតបង្ខំ​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ Huawei។​

លោក ត្រាំ និង​លោក ស៊ី នឹង​ជួប​គ្នា​​នៅ​ក្រៅ​ជំនួប​​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​​ចម្រើន​ទាំង​ ២០ (G20) ​ក្នុង​ប្រទេស​ ជប៉ុន ​​នា​សប្ដាហ៍​ក្រោយ​៕

ដកស្រង់៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds