ឧកញ៉ា គួច ម៉េងលី ផ្តល់អាហារូបករណ៍ដល់កូនៗដែលបាត់បង់ទាំងឪពុកនិងម្តាយក្នុងហេតុការណ៍រលំអគារ
បន្ថែមពីលើជំនួយឧបត្ថម្ភជាថវិកា១ម៉ឺនដុល្លារដល់ជនរងគ្រោះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ប្រកាសផ្តល់អាហារូបករណ៍ដល់កុមារាកុមារីណាដែលបានបាត់បង់ទាំងឪពុកនិងម្តាយក្នុងហេតុការណ៍បាក់រលំអគារនៅឯខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះផងដែរ។
កុមារាកុមារីណាក៏ដោយដែលឪពុកនិងម្តាយបានស្លាប់ក្នុងហេតុការណ៍នោះនឹងមានឱកាសបានសិក្សាថ្នាក់ចំណេះទូទៅនៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ហើយក្រុមគ្រួសារនៃកុមារាកុមារីនោះអាចមកទាក់ទងទទួលអាហារូបករណ៍តាមរយៈក្រុមការងារមូលនិធិម៉េងលី ជេ. គួច។ ក្នុងនោះអាណាព្យាបាលកុមារាកុមារីកំព្រាទាំងអស់នោះអាចទំនាក់ទំនងទៅកាន់លោកស្រី យូ ម៉ាលែន ដែលជាប្រធានគ្រប់គ្រងគម្រោងនៃមូលនិធិ ម៉េងលី ជេ. គួច តាមរយៈលេខទូរសព្ទ ០៩៥ ៨៨៨ ០៨៤។
ការផ្តល់អាហារូបករណ៍ដល់កុមារាកុមារីទាំងអស់នោះ គឺជាការចូលរួមរំលែកទុក្ខបន្ថែមដល់ក្រុមគ្រួសារជាពិសេគឺដើម្បីធានាថាអនាគតរបស់ក្មេងៗដ៏គួរឱ្យអាណិតទាំងអស់នោះពុំបាត់បង់ឱកាសសិក្សារៀនសូត្រ។
សូមបញ្ជាក់ថាលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យអប់រំមានសាលារៀនបុត្រសម្ព័ន្ធពីរ គឺសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេអាយ អាយ។
ប្រភពពី mjqtv.asia