ចាប់ខ្លួនឧកញ៉ាម្នាក់ និងសហការី៥នាក់ ករណីក្លែងលិខិត បន្លំយកដីពលរដ្ឋ នៅខេត្តព្រះសីហនុ
ភ្នំពេញៈ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿងវាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភព បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មួយនៅក្រុងព្រះសីហនុ។
ជនសង្ស័យ ត្រូវបានបញ្ជូនឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណ២០នាក់ឯណោះ៕