លោក សម រង្ស៊ី ៖ ករណីដួលរលំអាគារ៧ជាន់ បណ្តាលមកពីអំពើពុករលួយ និងខ្វះការទទួលខុសត្រូវរបស់មេដឹកនាំប្រទេស
ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងអគារ ៧ ជាន់ ដែលកំពុងតែសាងសង់ នៅក្រុងព្រះសីហនុ ហើយដែលទើបតែបាក់រលំ បណ្តាលឲ្យកម្មករសំណង់យ៉ាងតិច ១៩ នាក់ បាត់បង់ជីវិត។ នេះជាសាររបស់លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត១២យប់ ថ្ងៃទី២៣មិថុនា។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអោយដឹងថា លោកអភិបាលក្រុងព្រះសីហនុ បានទទួលស្គាល់ថា អគារនេះ មិនមានលិខិតអនុញ្ញាតិឲ្យសាងសង់ទេ។ គ្រោះមហន្តរាយនេះ បណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំប្រទេសយើងសព្វថ្ងៃ។
លោកបន្ថែមថា នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញទាំងអស់គ្នា តែមិនដឹងថា តើមានអគារបែបនេះ ប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬក៏ត្រូវបានសាងសង់រួចហើយ ដោយមិនមានលិខិតអនុញ្ញាតិ ហើយដោយមិនបានទទួលការត្រួតពិនិត្យអ្វីឡើយ ចំពោះស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។
ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បន្ថែមថា នៅប្រទេសកម្ពុជាសព្វថ្ងៃ មនុស្សខិលខូច ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែមានលុយ។ របបពុករលួយ ដឹកនាំដោយ ហ៊ុន សែន គឺជាគ្រោះថ្នាក់សាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ។ ចាំទេ សោកនាដកម្មស្ពានកោះពេជ្រ កាលពីឆ្នាំ ២០១០ ដែលមានកម្មករស្លាប់រាប់រយនាក់?។
គិតត្រឹមម៉ោង៦ ព្រឹក ថ្ងៃទី២៤មិថុនានេះ សមត្ថកិច្ច រកឃើញអ្នកស្លាប់២៣នាក់ និងអ្នករបួស២៤នាក់ (ស្រី២នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅសួរនាំ ក្រោយរកឃើញថាពួកគេ ជាប់ពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕