បក្សនយោបាយនិងNGO ស្នើដកតំណែង អភិបាលខេត្តព្រះសីហនុ ក្រោយរលំអាគារ៧ជាន់ ធ្វើឲ្យមនុស្សស្លាប់១៩នាក់
ភ្នំពេញ៖ បន្ទាប់ពីមានករណីបាក់រលំអាគារចំនួន៧ជាន់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេសនព្រោះបានធ្វើឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់ទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល គណបក្សនយោបាយ ស្នើឲ្យសមត្ថកិច្ចចាត់វិធានវែកមុខអ្នកបង្កហេតុ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ខណៈសម្តេច ស ខេង បានប្តេជ្ញានឹងស្វែងរកមូលហេតុនៃគ្រោះនេះឲ្យឃើញឆាប់ៗនេះ។
អតីតមេបក្សប្រឆាំងលោក កឹម សុខា បានបង្ហាញការសោកស្តាយចំពោះករណីនៅខេត្តព្រះសីហនុ ដែលបាក់រលំអាគារធ្វើឲ្យមានអ្នកស្លាប់១៨នាក់។ លោកក៏បានអំពាវនាវរកយុត្តិធម៌ដល់អ្នករងគ្រោះ ហើយផ្តន្ទាទោសអ្នកប្រព្រឹត្ត ជាពិសេសរកមូលហេតុនៃគ្រោះថ្នាកនេះផងដែរ។
លោកបានលើកឡើងក្នុងហ្វេសប៊ុកនៅថ្ងៃទី២៣ មិថុនា ថា “ខ្ញុំក៏សូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយផ្តល់សំណងនិងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត”។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហុន បង្ហាញទំនួលខុសត្រូវចំពោះបញ្ហាបាក់អាគារ៧ជាន់ ដែលមានមនុស្សស្លាប់រហូតទៅ១៧នាក់ ខណៈ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា អាគារដែលបាក់នេះ គ្មានច្បាប់សាងសង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថា “អ្វីដែលកើតមានឡើង ជាការទទួលខុសត្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយយើងទាមទារឲ្យរដ្ឋបាលខេត្តនេះ ត្រូវបង្ហាញទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ “។ ចំពោះការទទួលខុសត្រូវ និងគណនេយ្យភាព នេះ ទាមទារឲ្យមានការដកតំណែង ឬការលាឈប់ពីតួនាទី របស់មន្ត្រីជាន់ខ្ពស់ក្នុងដែនរដ្ឋបាលខេត្តព្រះសីហនុ។
ចំណែកលោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី២៣ ខែមិថុនា ថា “ការស្រុតបាក់អគារ៧ជាន់នៅឯខេត្តព្រះសីហនុ គឺត្រូវតែរកអ្នកទទួលខុសត្រូវ ពិតប្រាកដ សូមកុំឲ្យដូចការស្លាប់ នៅកោះពេជ្រគ្មានអ្នកទទួលខុសត្រូវបើមិនដូច្នោះទេវិញ្ញាណក្ខន្ធរបស់ពួកគាត់គឺមិនបានស្ងប់ឡើយ”។
សម្រាប់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកតំណែងលោក យន្ត មីន ពីអភិបាលខេត្តព្រះសីហនុដែលធ្វេសប្រហែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនយ៉ាងនេះ។ លោកលើកឡើងក្នុងហ្វេសប៊ុកថា “លោកមិនសមធ្វើជាអភិបាលខេត្តទេ។ ខ្ញុំសូមស្នើសម្តេចក្រឡាហោម ស ខេង ដកអភិបាលខេត្តនេះចេញពីមុខតំណែង”។
ទាក់ទងទៅនឹងការស្នើសុំរបស់បក្សក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថា នឹងចាត់វិធានការជាក់ស្ដែងចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅខេត្ដព្រះសីហនុ ។
ចំពោះករណីដ៏កម្រនេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូល រួម រំលែក មរណៈ ទុក្ខ យ៉ាង ក្រៀមក្រំ បំផុត ជាមួយ ក្រុម គ្រួសារ នៃ សព ដែលជួបនៅ ឧបទ្ទវហេតុ បាក់អាគារ៧ជាន់ នៅក្រុងព្រះសីហុន។
គួរបញ្ជាក់ផងដែរថា នៅព្រលឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យ គ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើការរុករកអ្នកបាត់ខ្លួនក្នុងអគារបាក់រលំនៅខេត្តព្រះសីហនុជាមុនសិន កុំអាលគិតគូរដកតំណែងអាជ្ញាធរ សម្ដេចតេជោថ្លែងថា «សូមកុំទាន់និយាយ ដល់រឿងដកឬតែងតាំង តែត្រូវផ្តោតការយកចិត្តទុក ដាក់លើការរុករក និងសង្រ្គាះ ជាមុនសិន។ សុំការយោគយល់ពីបងប្អូនជនរួមជាតិពីកន្លែងប្រជុំអាស៊ាននៅបាងកក ព្រះរាជាណាចក្រថៃ»៕