ករណីបាក់អាគារ៧ជាន់នៅព្រះសីហនុលោក យ៉ែម បុញ្ញឬទ្ធិ ថា ម្ចាស់សំណង់ និងអាជ្ញាធរខេត្តត្រូវទទួលខុសត្រូវ
ភ្នំពេញ៖ ម្ចាស់សំណង់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ ទាំងអស់ ត្រូវទទួលខុសត្រូវ លើករណីបាករលំអាគារ ដែលធ្វើឲ្យមនុស្សស្លាប់១៨នាក់ និងរងរបួស ២៤នាក់។ នេះជាការលើកឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។
លោកលើកឡើង ក្នុងហ្វេសប៊ុក នៅថ្ងៃទី២៣មិថុនាថា “យើងជឿជាក់ថា ជនរងគ្រោះ ត្រូវ តែទទួលបានយុត្តិធម៌ ហើយក្រុមហ៊ុនស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធនៃអាជ្ញាធរ ខេត្ត ត្រូវតែមាន ការទទួលខុសត្រូវ ចំពោះករណីនេះតាមតួនាទីនិង ភារកិច្ចរបស់ខ្លួន “។ ពិតជារន្ធត់ សង្វេគពេកក្រៃចំពោះក្រុមគ្រួសារនៃសព ជនរងគ្រោះ ។
លោកថា សោកនាដកម្មលើ ជីវិតកម្មករសំណង់ ដែលខិតខំរកប្រាក់កម្រៃចិញ្ចឹមជីវិត និងគ្រួសារ ដោយកម្លាំងស្អាតស្អំថ្លៃថ្នូរ ហើយបានរងគ្រោះក្នុងការដ្ឋានសំណង់ ដោយការបាក់រលំអគារ នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរ ការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់១៨នាក់ និងរបួស២៤រូប ៕
អត្ថបទ៖ សុខ លាភ