លោក សម រង្ស៊ី៖ លោក ហ៊ុន សែន នឹងមិនប្ដឹងលោកទៅតុលាការបារាំងឡើយ ព្រោះខ្លាចចាញ់ក្ដី
លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងជាថ្មីទៀតឱ្យលោក ហ៊ុន សែន មិនហ៊ានប្តឹងលោកទៅតុលាការប្រទេសបារាំង ជុំវិញរឿងមរណភាពលោក ហុក ឡងឌី និងឃាតកម្មធំៗ ជាច្រើនករណីទៀត។ លោកនៅតែចោទប្រកាន់ថា លោក ហ៊ុន សែន គឺជាអ្នកស្ថិតនៅពីក្រោយខ្នងអំពើឃាតកម្ម និងឧក្រិដ្ឋជាច្រើនករណី ចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលថ្ងៃទី២៣ មិថុនា ថា លោក ហ៊ុន សែន និងភរិយាគាត់ ប៊ុនរ៉ានី មិនអាចបដិសេធអំពើឃាតកម្មរបស់ពួកគាត់ទាំងពីរនាក់ ពួកគាត់ក៏មិនហ៊ានប្តឹងខ្ញុំដែរ ពីឃាតកម្មដែលពួកគាត់បានបញ្ជាឲ្យគេប្រព្រឹត្ត ទៅលើក្រុមបាតុករ យ៉ាងតិច ១៦ នាក់ ដែលបាត់បង់ជីវិត នៅថ្ងៃ ៣០ មិនា ១៩៩៧ អ្នកស្រី ពិសិដ្ឋ ពីលិកា ដែលបាត់បង់ជីវិត នៅឆ្នាំ ១៩៩៩ (ឃាតករបញ្ជាដោយ ប៊ុនរ៉ានី ផ្ទាល់)លោក ជា វិជ្ជា ដែលបាត់បង់ជីវិត នៅឆ្នាំ ២០០៤ លោក ហុក ឡង់ឌី ដែលបាត់បង់ជីវិត នៅឆ្នាំ ២០០៨ និងរឿងលោកបណ្ឌិត កែម ឡី ដែលបាត់បង់ជីវិត នៅឆ្នាំ ២០១៦។
កាលពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹង លោក សម រង្ស៊ី ទៅតុលាការប្រទេសបារាំង ករណីមេបក្សប្រឆាំងរូបនេះ ចោទលោកថា បានសម្លាប់លោក ហុក ឡងឌី ដែលជាដន្លងរបស់ខ្លួន។ លោក សម រង្ស៊ី បានអះអាងថា អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ត្រូវបានលោក ហ៊ុន សែន សម្លាប់បំបិទមាត់ ដោយសារតែលោកគ្រោងលាតត្រដាងរឿងលោក ហ៊ុន សែន បញ្ជាឱ្យសម្លាប់ថ្នាក់ដឹកនាំសហជីពលោក ជា វិជ្ជា ប្រាប់ទៅសហគមន៍អន្តរជាតិ។
លោក សម រង្ស៊ី បន្ថែមថា ការមិនអាចបដិសេធ និងមិនហ៊ានប្តឹងនេះ គឺជាការសារភាពរបស់ ហ៊ុន សែន និងភរិយាគាត់ ដែលទទួលស្គាល់ថាពួកគាត់ទាំងពីរនាក់ ជាឃាតករពិតប្រាកដមែន តាមហេតុការណ៍ដែលខ្ញុំបានរំឮកខាងលើនេះ។ ឃាតករពីរនាក់នេះ ជាជនកំសាក និងថោកទាប ពូកែក្រឡិចក្រឡុច ដោយម្តងគំរាមថានឹងប្តឹងខ្ញុំ តែនៅទីបញ្ចប់ មិនហ៊ានប្តឹងខ្ញុំទៅវិញ សូម្បីតែនៅចំពោះមុខតុលាការអាយ៉ងនៅប្រទេសកម្ពុជា ក៏មិនហ៊ានប្តឹងដែរ ពីព្រោះខ្លាចខ្មាសប្រជារាស្ត្រខ្មែរទាំងមូល។ ប្រជារាស្ត្រខ្មែរ មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ មិនត្រូវបណ្តោយឲ្យគ្រួសារបិសាចនេះ ដឹកនាំប្រទេសកម្ពុជាតទៀតទេ៕
អត្ថបទ៖ សុខ លាភ