ឯកសារបង្ហាញថាកូនសម្តេចតេជោ មានលុយ ១០០ លានដុល្លារ ផ្ញើធនាគារ តែសាម៉ីខ្លួនបដិសេធ
មានការចែកចាយឯកសារធនាគារមួយ នៅលើបណ្តាញសង្គម បង្ហាញថាលោក ហ៊ុន ម៉ានិត ជាកូនប្រុសលោក ហ៊ុន សែន ផងនោះ បានផ្ញើលុយនៅធនាគារអន្តរជាតិ ១០០ លានដុល្លារអាមេរិក។ ដោយក្រុមអ្នកលេងបណ្តាញសង្គមចោទជាសំណួរច្រើន ទៅលើលោក ហ៊ុន ម៉ានិត ដែលជាមន្រ្តីរាជការមានប្រាក់ខែបន្តិចបន្តួច ប៉ុន្តែបែរជាមានលុយរាប់លានដុល្លារ ផ្ញើនៅក្រៅប្រទេស។ ពួកគេដាក់ការសង្ស័យថា «ជាលុយ បានមកពីអំពើពុករលួយ និងកេងប្រវញ្ចជាតិ»។
ភ្លាមនោះលោក ហ៊ុន ម៉ានិត សរសេរលើបណ្តាញហ្វេសប៊ុករបស់ខ្លួន ប្រតិកម្មទៅ និងឯកសារ ដែលគេចែកចាយក្នុងបណ្តាញសង្គមថា «ជារឿងមិនពីត និងជាឯកសារក្លែងក្លាយ»។ ជាមួយគ្នានោះ លោក ក៏បានព្រមានទៅលើម្ចាស់ហ្វេសប៊ុកឈ្មោះ Tor Nimol ថាអាចប្រឈមមុខផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ ដូចក្រុមអ្នកប្រឆាំងកន្លងមក។ ក្រុមបណ្តាញព័ត៌មានដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយព្រោងព្រាត ការពារចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ានិត ជាមន្រ្តីស្អាតស្អំ មិនខុសពីឳពុករបស់លោក។
គួរបញ្ជាក់ថា ករណីបែកធ្លាយឯកសារ របស់សមាជិកក្រុមគ្រួសារលោក ហ៊ុន សែន នេះ មិនមែនជាលើកទីមួយទេ ដែលក្នុងនោះក៏មានលោកស្រី ហ៊ុន ម៉ាលី ផងដែរ។ ហើយមន្រ្តីរបស់លោក ហ៊ុន សែន និងសមាជិកក្រុមគ្រួសារលោក ហ៊ុន សែន តែងតែបដិសេធព័ត៌មានបែកធ្លាយទាំងនោះជាហូរហែរ បើទោះជាមានឯកសារភស្តុតាងជាក់លាក់យ៉ាងណាក្តី៕
អត្ថបទ៖ សុខ លាភ