សាលាឧទ្ធរណ៍ សម្រេចមិនយកសំណើរបស់ អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី

សំណើរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី ទៅសាលាឧទ្ធរណ៍ ដើម្បីពិចារណា ត្រូវតុលាការមួយនេះសម្រេចមិនយកនោះទេ ដោយអ្នកទាំងពីរ សុំឲ្យសាលាឧទ្ធរណ៍ បញ្ចប់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ឲ្យពួកគេ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

មេធាវីរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លោក សំ ចំរើន បានប្រាប់អ្នកកាសែត ក្រោយ​​ចេញពីសវនាការថា លោក មិនអាចទទួលយកបាននោះទេ ដែលសាលាឧទ្ធរណ៍ មិនយក​សំណើរបស់លោក ទៅពិចារណា។ លោក បញ្ជាក់ដូច្នេះថា «យើងខកចិត្ត ដែលបណ្តឹង​យើងត្រូវ​បដិ​សេធ»។ ដោយសារនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ កូនក្តីរបស់លោកទាំងពីរ តែងទៅ​បង្ហាញខ្លួននៅមុខសមត្ថកិច្ចជារៀងរាល់ខែ។

លោកមេធាវី ថា សំណុំរឿងរបស់កូនក្តីលោក ត្រូវបានបិទបញ្ចប់ការស៊ើបសួរ និងត្រូវបានបញ្ជូន​ទៅ​ជំ​នុំជម្រះហើយ។ ប៉ុន្តែ លោក អះអាងថា តុលាការ មិនទាន់កំណត់កាលបរិច្ឆេទនៃបើកសវនាការ​ជំនុំ​ជម្រះ​នោះទេ។ 

គួរំលឹកថា អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន ត្រូវ​បាន​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​​ កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយូ​ថត​ចម្រៀង​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក៏​ប៉ុន្តែ​ក្រោយ​មក​ អាជ្ញាធរ​បែរ​ជា​​ចោទ​អ្នក​ទាំង២ ពី​បទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ” ​ ដែល​ជា​បទឧក្រិដ្ឋ​ចារកម្ម​ទៅ​វិញ។ បទ​ចោទ​នេះ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មាន​ទោស​មែន​នោះ។

អ្នក​ទាំង​ពីរ​​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៨ កន្លងទៅ ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ។ ក៏​ប៉ុន្តែ​សេរីភាព​ដែល​ទទួល​បាន​នេះ មាន​លក្ខណៈ​រឹតត្បិត​នៅឡើយ​ ព្រោះ​តុលាការ​បាន​ដាក់​អ្នក​ទាំង​ពីរ​ក្រោម​ការ​ត្រួតពិនិត្យ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ ហើយ​សម្ភារៈ​ដែល​ត្រូវ​បាន​រឹបអូស​ជា​វត្ថុ​តាង​នោះ ​ក៏​តុលាការ​មិន​ទាន់​ប្រគល់​ឱ្យ​អ្នក​ទាំងពីរ​វិញ​ដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds