លោក សម រង្ស៊ី បន្តអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបឈរ ដើម្បីកម្ចាត់របបក្បត់ជាតិ
ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល លោក សម រង្ស៊ី អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ងើបឈរឡើង ដើម្បីកម្ចាត់របបក្បត់ជាតិ ដឹកនាំដោយត្រកូល ហ៊ុន សែន នេះជាការអំពាវនាវរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ។
តាមរយៈវីដេអូជាង១០នាទី លោក សម រង្ស៊ី បានបញ្ជាក់ថា«ខ្ញុំ សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធសូម កុំស្ដាប់បញ្ជា ពីនាយករដ្ឋមន្ត្រីខុសច្បាប់ ហ៊ុន សែន ដែលជាចោរប្លន់អំណាចពីប្រជារាស្ត្រ។ សូមកុំការពារ របបផ្តាច់ការខុសច្បាប់សព្វថ្ងៃ ដែលកើតចេញ មកពីការបោះឆ្នោតក្លែងក្លាយ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ដែលសកលលោក ចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ ដែលបាននាំមក នូវរដ្ឋសភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយ។
មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជនរួមជាតិណាក៏ដោយ ដែលមានកាំភ្លើងក្នុងដៃ ត្រូវរក្សាទុកកាំភ្លើងនេះ ដើម្បីការពារខ្លួនឯង ការពារប្រជារាស្ត្រ និងការពារទឹកដី។ កងកម្លាំងប្រដាប់អាវុធ កុំការពាររបបក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកការពារប្រជារាស្ត្រវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។»
ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា រាល់បញ្ជាណា ដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើបាតុកម្មដោយសន្តិវិធី គឺជាបញ្ជាខុសច្បាប់ និងអមនុស្សធម៌ ដែលកងកម្លាំងប្រដាប់អាវុធ មិនត្រូវធ្វើតាមដាច់ខាត។ សូមកងកម្លាំងប្រដាប់អាវុធ កុំឈរខាងរបបផ្តាច់ការក្បត់ជាតិ សព្វថ្ងៃ តែសូមបែរមកឈរខាងប្រជារាស្ត្រ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយទាមទារ ឲ្យមានអ្នកដឹកនាំថ្មី ដែលជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប្រកបដោយទសពិធរាជធម៌»៕
សូមរំលឹកដែរថា កាលពីថ្ងៃទី២៥ ខែមករា ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពត លោក ហ៊ុន សែន បានថ្លែងព្រមាន ចាប់ខ្លួនលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ ដាក់ពន្ធនាគារ ប្រសិណាជាមេដឹកនាំ ដែលកំពុងរស់នៅនិរទេសខ្លួន វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយមានវត្តមានហែហម ពីសំណាក់ក្រុមអ្នកគាំទ្រ៕
អត្ថបទ៖ សុខ លាភ