ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា ចេញ​លិខិត​ចំហ​រួម​គ្នា​មួយ ទាមទារ​ឲ្យ​តុលាការ​​ទម្លាក់​ចោល​បទ​ចោទ​ពី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប

 

ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃទី២០ ខែមិថុនា បាន​ចេញ​លិខិត​ចំហ​រួមគ្នា​មួយ​ទាមទារ​ឲ្យ​សាលាឧទ្ធណ៍​ទម្លាក់​ចោល​បទ​ចោទ​ពី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប។ លិខិត​ចំហ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​សាលាឧទ្ធណ៍គ្រោង​បើក​សវនា​ការ​សំណុំ​រឿង​អតីត​អ្នក​សារ​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី (RFA) លោក ​អ៊ួ​ន ឈិន និង​លោក​ យាង សុធា​រិន្ទ ហៅ​ សុជា​មេត្តា នៅ​ថ្ងៃទី​ ២១ ​មិថុនា​ស្អែកនេះ​។

ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេងៗ គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ផ្ដិត​មេដៃ និង​ចេញ​លិខិត​រួម​ គ្នា​មួយ​អំពាវនាវ​ជា​ថ្មី​​ដល់សាលាឧទ្ធណ៍​ បញ្ចប់​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ លោក អ៊ួន ឈិន និង​លោក យាង សុធារិន​ ព្រម​ទាំង​ទម្លាក់​ចោល​ទាំងស្រុង​នូវ​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ។

លិខិត​ចំហ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី២០ ខែមិថុនា ដែលអង្គភាព Fast News ទទួលបាននៅព្រឹកថ្ងៃនេះ បានអោយដឹងថា យើង​ខ្ញុំ​ជាអ្នកសារព័ត៌មាន​​​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា សូម​អំពាវនាវ​ជា​ថ្មី​ដល់សាលាឧទ្ធណ៍ដែល​បើក​សវនាការ​នៅថ្ងៃស្អែក ​​​បញ្ចប់​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​​ការ​តាម​ដាន​របស់​តុលាការ​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី(RFA) លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ព្រម​ទាំង​​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទប្រកាន់​លើ​ពួកគេ។

លិខិត​ចំហដដែលបន្តថា​ យើង​ខ្ញុំ​ដែល​បានភ្ជាប់​ឈ្មោះ​​នៅ​ក្នុងលិខិត​ចំហមួយ​នេះ​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​​ចោទ​ប្រកាន់​​ដ៏ធ្ងន់ធ្ងរ​លើ​អ្នក​ទាំង​ពីរ។ ​ លើស​ពី​នេះ​ទៅ​ទៀត ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ ធ្វើ​ឲ្យ​ពួកគេ​ទាំង​ពីរ​ពិបាក​ក្នុង​ការ​រស់​នៅ និង​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​កាសែត​បន្ត​ទៀត​នោះ​ទេ។ ពួកគេ​មិន​អាច​ផ្លាស់​ប្តូរទីលំនៅ​ដោយគ្មានការអនុញ្ញាត​ពីចៅក្រម​ស៊ើប​សួរ មិនអាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ត្រូវ​បង្ហាញខ្លួន​ជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាល​ផង​ដែរ។

នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ។ ​អ្នកសារព័ត៌មាន​​មាន​តួនាទី​​ក្នុង​ការ​រាយការណ៍​អ្វី​ដែល​ជាការពិត​ជូន​ដល់​សាធារណជន។

សូមរំលឹកផងដែរថា លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ​តុលាការ​​ចោទ​ប្រកាន់​ពី​«បទ​ប្រគល់​អោយ​រដ្ឋបរទេស​នូវ​ព័ត៌​មាន​ជាអាទិ៍​ដែល​បង្ក​អោយ​មាន​ការ​អន្តរាយ​ដល់​ការការ​ពារជាតិ តាមបញ្ញត្តិមាត្រា​៤៤៥នៃក្រម​ព្រហ្ម​ទណ្ឌ​»។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨​ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្រោយ​ជាប់​ពន្ធនាគារ​ជាង​៩ខែ តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ៕

អត្ថបទ៖ សុខ លាភ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds