លោក សម រង្ស៊ី ថាលោក ហោ ណាំហុង យករបាយការណ៍មេធាវីរបស់ខ្លួន ក្រឡៃធ្វើជាសាលក្រមតុលាការប្រទេសបារាំង

បន្ទាប់ពីលោក ហោ ណាំហុង បង្ហាញសាលក្រម និងសាលដីកាទាំងអស់​របស់តុលាការ​បា​រាំង​ដែល​បានកាត់សេចក្តីថា «លោក ហោ ណាំហុង ឈ្នះក្តីលោក សម រង្ស៊ី នោះលោក សម រង្ស៊ី ច្រានចោល​ការ​លើកឡើងរបស់លោក ហោ ណាំហុង។

លោក សម រង្ស៊ី សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ថ្មីៗនេះ ទំព័រហ្វេស​ប៊ុក​របស់លោក ហោ ណាំហុង ព្រមទាំងអង្គភាពសារព័ត៌មានជាច្រើន ដែលគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ បាននាំគ្នាចុះផ្សាយព្រោងព្រាតនូវលិខិតរបស់លោក ដាវីដ មាស មេធាវីលោក ហោ ណាំហុង ទាក់ទងនឹងសេចក្ដីសម្រេចរបស់តុលាការប្រទេសបារាំងអំពីការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើលោក ហោ ណាំហុង។

លោកសម រង្ស៊ី បន្តថា បើយើងពិនិត្យមើលឲ្យល្អិតល្អន់ទៅ លោក ហោ ណាំហុង បានយក​របាយ​ការ​ណ៍​មេធាវីរបស់ខ្លួន ក្រឡៃធ្វើជាសាលក្រមតុលាការប្រទេសបារាំង បង្ហាញឲ្យសាធារណជនមើល។  លោក ហោ ណាំហុង  ប្រហែលជាយល់ថាប្រជាពលរដ្ឋខ្មែរងាយឲ្យគាត់បោកប្រាស់ហើយមើលទៅ។ តាម​ពិត​លិខិត​នោះ មិនមែនជាសាលក្រមរបស់តុលាការប្រទេសបារាំងអ្វីនោះទេ គឺគ្រាន់តែជា​របាយការណ៍​របស់​លោក ដាវីដ មាស ធ្វើជូនលោក ហោ ណាំហុង តែប៉ុណ្ណោះ។

សូមរំលឹកថា លោក ហោ ណាំហុង ចុងក្រោយនេះ បានចាញ់ក្តី ២ ដង ផ្ទួនៗគ្នា ម្តងនៅឆ្នាំ២០១១ ហើយម្តងទៀតនៅឆ្នាំ ២០១៦ ក្នុងការតទល់ជាមួយលោក សម រង្ស៊ី នៅប្រទេសបារាំង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds