ករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយជនល្មើសនៅខេត្តបន្ទាយមានជ័យ ពេលនេះសមត្ថកិច្ចបង្ក្រាបបានហើយ!
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិថា មានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយជនល្មើសអាចមកដល់ខេត្តបន្ទាយមានជ័យនោះ នៅវេលាម៉ោង១១និង៣០នាទីអធ្រាត្រ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រុងពាក់ព័ន្ធ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការ និងលោកចុះបង្ក្រាបករណីខាងលើ ។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចបានបំបែកសំណុំរឿងធំមួយទៀតហើយ បន្ទាប់ពីបានបំបែកសំណុំរឿងជនជាតិចិនបង្ខាំងជនជាតិចិនធ្វើទារុណកម្មនិងជំរិតទារប្រាកនៅប៉ោយប៉ែត។ នោះគឺស្ទាក់បង្ក្រាបករណីចាប់ជំរឹតទារប្រាក់នៅភ្នំពេញ ហើយមកជាប់អន្ទាក់នៅបន្ទាយមានជ័យ នៅសណ្ឋាគារស៊ីធីប៉ោយប៉ែត (City PoiPet Hotel) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមមាន៖ ១-ឈ្មោះ ព្រាប វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត , ២-ឈ្មោះ ព្រាប វណ្ណះ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ជំរិត និងទី ៣-ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកសមគំនិត ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៣០០មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ដែលជាជាមធ្យោបាយប្រព្រឹត្តបទល្មើស។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ