ឯកឧត្តម ថែ នរៈសត្យា សំពះផ្ទឹមភរិយាថ្មី គាប់ជួនចំថ្ងៃខួបកំណើតកូនស្រីអតីតភរិយាបង្ហោះសារថា..!!
ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ឯកឧត្តម ថៃ នរៈសត្យា បង្ហាញមុខភរិយាស្រស់ស្អាតឈ្មោះ ទេព សុធីតា ព្រមទាំងបានរៀបចំពិធីសំពះផ្ទឹមនាពេលព្រឹក និងល្ងាចរៀបចំពិធីឡើងផ្ទះវីឡាថ្មីផងដែរ។ ក្រោយពេលមានការផ្សព្វផ្សាយនូវព័ត៌មានខាងលើ អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានបង្ហាញការភ្ញាក់ផ្អើល ក្នុងនោះគាប់ជួននៅថ្ងៃនោះក៏ជាថ្ងៃខួបកំណើតកូនស្រី អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានធ្វើការជូនពរ និងរៀបរាប់ពីអារម្មណ៍រហូតដល់បានទម្លាយរឿងរ៉ាវយ៉ាងដូច្នេះថា «កាលពី ២៤ឆ្នាំមុន នៅពេលថ្មើរនេះម៉ាក់បានប្រសូតកូនស្រីម្នាក់ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថាយកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់»។
លោកស្រីបង្ហោះរៀបរាប់ទៀតថា «ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត និងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា។ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឱ្យគោរពជាទីបំផុត។ ប៉ុន្តែបន្ទាប់ពីកូនធំបន្តិចមកម៉ាក់ក៏បានទៅជួបគ្រួសារម្ដាយមីងបង្កើតគឺប្អូនរបស់ម្ដាយម៉ាក់បង្កើតរស់នៅឯកំពង់ឆ្នាំងដោយសារម៉ាក់យាយកូន គាត់ទាមទាររកប្អូននឹកប្អូនគាត់ខ្លាំងពេក ម៉ាក់ក៏តាមដើរស្វែងរករហូតទើបជួបគ្រួសារមួយនោះហើយក៏នាំយកចូលផ្ទះ។ តែបំផុតកូនដឹងហើយដូចសព្វថ្ងៃនេះស្រីម្នាក់នោះសាហាវខ្លាំងបំផុត គឺគេមិនបានគិតពីក្រុមគ្រួសារយើងទេ វានៅក្មេងសោះហើយមានប្ដីទៀតបែរជាលួចសហាយស្មន់នឹងគ្នានៅលើផ្ទះម៉ាក់ ទីបំផុតអ្វីៗដូចសព្វថ្ងៃនេះ»។
អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានរៀបរាប់ទៀតថា «បានហើយឈប់និយាយពីគេយើងនិយាយពីម៉ែកូនយើងវិញ ថ្ងៃនេះជាថ្ងៃកំណើតកូនម៉ាក់សូមជូនពរកូនដោយកូនជួបតែសេចក្ដីសុខនិងជោគជ័យគ្រប់យ៉ាងក្នុងជីវិត ពួកយើងបានជួបព្យុះភ្លៀងបក់បោកមកលើគ្រួសារយើងជួបគ្រប់គ្នារួចហើយ ហេតុនេះចាប់ពីពេលនេះទៅសូមឱ្យគ្រួសារយើងបានសុខរវាងម្តាយនិងកូនមានតែការយល់ចិត្តស្រលាញ់គ្នា ផ្ដល់កម្លាំងចិត្តឲ្យគ្នាជួយគ្នាគ្រប់ពេលលំបាក។ ម្ដាយម្នាក់នេះប្ដេជ្ញាថានឹងរស់ដើម្បីពួកកូនសប្បាយចិត្តជាមួយនឹងកូន ដោយមិនគិតពីអ្វីទាំងអស់ អ្វីដែលកន្លងហួសហើយឲ្យវាទៅចុះម៉ាក់លែងឈប់គិតនឹកនាវាទៀតហើយ ម៉ាក់សន្យា។ រីករាយថ្ងៃខួបកំណើតកូនស្រី កូនទាំងបី គឺជាបេះដូងម្ដាយគឺជាជីវិតម្ដាយ»៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ