លោក យ៉ែម បុញ្ញឬទ្ធិ តើកម្ពុជាមានអ្វីពាក់ព័ន្ធ ជាមួយសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន ?
ភ្នំពេញ៖ បន្ទាប់ពីលោក Wang Wentian ថា សហរដ្ឋអាមេរិក គឺជាដើមចមនៃជម្លោះ ពាណិជ្ជកម្មរវាងចិន និងអាមេរិក ការពិតតែងជម្នះ លើសង្រ្គាមពាក្យសម្ដីនានា ជាពិសេសសម្ដី ដែលមិនមានមូលដ្ឋានត្រឹមត្រូវ អតីតអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកជាចំងល់ថា តើកម្ពុជាជាប់ពាក់ព័ន្ធ ជាមួយសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន? បានជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រឹងបរិយាអំពីបញ្ហានេះ។
សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងថា ជនរួមជាតិ ពិតជាមិនចង់ឃើញកម្ពុជា ក្លាយទៅជាទីលានជល់ដំរី ដូចក្នុងប្រវត្តិសាស្ត្រ ទើបតែកន្លងផុតទៅថ្មីៗនេះទេ។ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានបង្កការព្រួយបារម្ភ ដោយសង្រ្គាមនេះ កាន់តែរីកឆេះធំឡើងៗ និងកាន់តែធ្ងន់ធ្ងរជាងមុន ដែលអាចនាំឲ្យមានផល ប៉ះពាល់អវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចពិភពលោក។«តើកម្ពុជាមានពាក់ព័ន្ធអ្វីដែរ បានជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បរិយាយអំពីបញ្ហាជម្លោះពាណិជ្ជកម្ម រវាងចិន- អាមេរិក? តើប្រទេសកម្ពុជា អាចនឹងទទួលរងឥទ្ធិពល ពីជម្លោះពាណិជ្ជកម្មចិន និងអាមេរិកដែរឬទេ? ចុះករណី EBA GSP?»។
លោកឲ្យដឹងទៀតថា ទោះជាយ៉ាងណាក្ដី ជាតិសាសន៍ខ្មែរមានមោទនភាពជាតិពិត រួមគ្នាជ្រោងទង់ជាតិជាមួយនឹងកម្លាំងសេដ្ឋកិច្ច កម្លាំងជាតិ ពិប្រាកដ រួមគ្នារកដំណោះស្រាយល្អៗ សម្រាប់ជាប្រយោជន៍ ដល់ប្រជាជាតិខ្មែរ និងកម្ពុជា តែត្រូវការទំនាក់ទំនងល្អ នឹងប្រទេសនានា លើឆាកអន្តរជាតិ មិនថាចិន ជប៉ុន អាមេរិក អឺរ៉ុប នោះទេ ជាពិសេសការអនុវត្តន៍ តាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ២៣តុលាឆ្នាំ១៩៩១ ។
លោកបន្តថា ត្រូវគោរពឲ្យបានពេញលេញ លើការរក្សាអព្យាក្រឹតភាព ការផ្សះផ្សាជាតិ ដើម្បីភាពសុខដុមរមនារបស់ជាតិ ដែលនាំឲ្យមានការដោះលែងលោក កឹម សុខា ឲ្យទទួលបានសិទ្ធិសេរីភាព ពេញលេញជាក់ជាពុំខាន៕
អត្ថបទ៖ សុខលាភ