ម្តាយខាងស្រីបារម្មណ៍ក្រោយកូនស្រីខ្លួនមានចំណងស្នេហាជាមួយ នាយ ចឺម
ភ្នំពេញ៖តារាចម្រៀងសាន់ដេ សុខ មេសា ហៅនាយ ចឺម ទើបរកបានគូស្នេហ៍ថ្មីស្រីស្អាតឈ្មោះ ប៊ែលឡា ហៅ អូនហ្វា សាច់ឡើងសខ្ចីម៉ដ្ឋខៃ ទើបធ្វើឱ្យប្រុសៗមិនតិចនាក់ទេដែលលួចច្រណែននឹងនាយ។ ប៉ុន្តែគូស្នេហ៍របស់តារាចម្រៀងរូបនេះបានឱ្យដឹងថា ក្រោយត្រូវសារព័ត៌មានផ្សព្វផ្សាយថា នាងជាសង្សារទី៣ របស់នាយ ចឺម នោះ ដំណឹងនេះបានដឹងដល់ក្រុមគ្រួសាររបស់នាង ហើយធ្វើឱ្យពួកគាត់មានការបារម្ភចំពោះរូបនាងខ្លាំងណាស់។
បើទោះជានាងព្យាយាមពន្យល់ប្រាប់ពួកគាត់ មិនមានអីទេ សូមកុំភ័យ ក៏ដោយ។ ស្រីស្រស់ ប៊ែលឡា ហៅ អូនហ្វា ដែលបានបង្កាត់ភ្លើងស្នេហាជាមួយនាយ ចឺម ក្រោយពេលពួកគេបានថតជាមួយគ្នាបទ “សុំទោសប៊ិក សុំទោសសៀវភៅ” នោះបានឱ្យដឹងទៀតថា “រឿងខ្ញុំហ្នឹង តាំងពីគេចុះផ្សាយមកដឹងដល់គ្រួសារ ខ្ញុំពិបាកដែរហ្នឹង ព្រោះពួកគាត់នៅខេត្តប្រកាន់ច្រើនបន្តិចហើយ។ ចំពោះខ្ញុំនិងបង ចឺម វិញមិនអីទេ អាចទទួលយកបានអត់បញ្ហាទេ តែចាស់ៗគាត់មិនគិតអ៊ីចឹងទេ ចេះតែបារម្ភ ហើយពេលដឹងអីចឹង”។
តាមរយៈព័ត៌មានដែលបានផ្សព្វផ្សាយឱ្យដឹងថា នាយ ចឺម ស្រលាញ់អូនហ្វា ដែលមានសាច់សខ្ចីរលើបរលោងម៉ដ្ឋខៃនោះ ខ្លាំងជាងអតីតសង្សារទាំង២ របស់នាយគឺ ពុធ ស្រីខួច និង អូនម៉ីម៉ី ទៅទៀតព្រោះពេលនាយឡើងច្រៀងតាម ឆាក តន្ត្រី តែងដឹកស្រីស្អាត ប៊ែលឡា ទៅជាមួយជានិច្ច ទើបធ្វើឱ្យតារាប្រុសៗមិនតិចនាក់ឡើយច្រណែននាយ ចឺម ជាខ្លាំង។ ការភ្ជាប់ស្នេហ៍ថ្មីរបស់នាយ ចឺម ជាមួយ អូនហ្វា នៅពេលនេះ ធ្វើឱ្យរឿងដែលគេសង្ស័យថា នាយ ចឺម មានស្នេហាជាមួយថៅកែផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី ត្រូវបានបន្សាប។