អតីត​គ្រូ​បង្វឹក​ហូ​ឡង់ Bert van Marwijk​ ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់​រួម​ផ្លូវការ​

នៅថ្ងៃទី ២២​ ខែមីនា ឆ្នាំ២០១៩ ម៉ោង ៩ ៖ ១២នាទី

បាល់ទាត់៖ លោក Bert van Marwijk ​ត្រូវ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ទីក្រុង Abu Dhabi ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់​រួម ជាមួយ​នឹង​កិច្ច​សន្យា​ដែល​នឹង​ឃើញ​អតីត​គ្រូ​បង្វឹក​ហូ​ឡង់​រូប​នេះ ​ដឹកនាំ​អារ៉ាប់​រួម​ដល់Asian Cup 2023​។

​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ និង​អូស្ត្រាលី​ក៏​បាន​អង្គុយ​ទស្សនាការ​ប្រកួត​យប់​ម៉ិ​ញ​ផង​ដែរ ដែល​អារ៉ាប់​រួម​យក​ឈ្នះ​អតីត​ក្រុម​ដែល​លោក​ធ្លាប់​ដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត 2-1 ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​។ ​លោក Bert van Marwijk​ បាន​មក​កាន់​តំណែង​ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី Alberto Zaccheroni ​ដែល​បាន​ចាក​ចេញពី​តំណែង​ ក្រោយ​ដឹកនាំ​ក្រុម​អារ៉ាប់​រួម​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ធ្លា​ក់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Asian Cup កាលពី​ខែ​មករា​កន្លងទៅ​។ ​កាលពី​លោក Bert van Marwijk​ នៅ​ដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត លោក​បាន​នាំ​ក្រុម​ឡើង​លេង World Cup 2018 នៅ​រុស្ស៊ី​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ 2006​។

​​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់​ពី​ឆ្នាំ2008 ដល់​ឆ្នាំ2012 ដោយ​នាំ​ក្រុម​ហូ​ឡង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2010 អាហ្វ្រិក​ខាងត្បូង តែ​ចាញ់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​នៅ​ម៉ោង​បន្ថែម 15នាទី​ពីរ​ដង​៕

ប្រភព ៖ BTV

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds