ពេលនេះ PUBG ជាហ្គេមដែលរកលុយបានច្រើនជាងគេក្នុងពិភពលោក
PUBG Mobile មិនត្រឹមជាហ្គេមល្បីជាងគេក្នុងលោកនោះទេ (មានអ្នកលេងជាង ១០០ លាននាក់ប្រចាំខែ) នៅពេលនេះវាក៏បានក្លាយជាហ្គេមរកចំណូលបានច្រើនជាងគេក្នុងលោក ដោយរកចំណូលបានជាង ១៤៦ លានដុល្លារកលាពីខែមុន។ នេះបើផ្អែកតាមតួលេខចេញផ្សាយដោយ The Financial Times។
ចំណូលដែលរកបានមិនមែនបានមកតែពីការលក់ Item និងស្បែកដល់អ្នកលេង PUBG Mobile ប៉ុណ្ណោះទេ ប៉ុន្តែក៏បូកបញ្ចូលចំណូលដែលបានពីហ្គេម Game For Peace ផងដែរ។ Game For Peace គឺជាហ្គេមដែលបម្លែងចេញពីហ្គេម PUBG Mobile ក្រោយពីក្រុមហ៊ុនយក្សចិន មិនអាចទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលចិនក្នុងការយកកម្រៃពីហ្គេម PUBG។
គួរដឹងថា Tencent បានផ្ទេរអ្នកលេងពី PUBG Mobile ទៅកាន់ Game For Peace។ ហេតុនេះចំណូលនៃបានពីរហ្គេមទាំងពីរត្រូវបូកបញ្ចូលគ្នា។ Game For Peace ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលរួចមកហើយសម្រាប់ការរកលុយ ដោយសារវាជាហ្គេមបង្ហាញពីការស្នេហាជាតិ។ អ្នកវិភាគមួយរូបបានរៀបរាប់ហ្គេមនេះថាជាការឧទ្ទិសដល់ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន ជាផ្នែកមួយនៃកងទ័ពជាតិរបស់ចិន។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនចិន Great Wall Securities បានឲ្យដឹងថា PUBG Mobile អាចរកចំណូលបាន ៧៦ លានដុល្លារ ខណៈ Game For Peace រកចំណូលបាន ៧០ លានដុល្លារ កាលពីខែមុន៕
អត្ថបទ កែវ ច័ន្ទសុផាវុណ