ឃាតកបាននិយាយថា ខ្ញុំឆ្លាតណាស់ ពេលសម្លាប់គាត់ហើយដាក់ក្នុងទូទឹកកក (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃបំផុតមួយដែលទើបបំបែកបាននេះ ត្រូវនាងជាឃាតករប្រាប់ថា ពិតជាបានកាត់សាកសពជាដុំៗយកទៅបោះចោលមែន ដើម្បីចង់បង្វែងដាន និងចង់បំបាត់ភស្តុតាងផង គឺនាងបានឆ្លើយសារភាពនូវការសម្លាប់ស្ត្រីរងគ្រោះយ៉ាងរំភើយ ដោយអត់ការតក់ស្លុតនោះទេ ហើយយ៉ាងច្បាស់និងក្បោះក្បាយប្រាប់ដល់សមត្ថកិច្ច ដែលនាំនាងទៅដល់ផ្ទះដែលនាងបានសម្លាប់ស្ត្រីរងគ្រោះ ។
ជាការពិត គឺនាងជាឃាតករសម្លាប់មនុស្សដ៏មានឈាមដ៏ត្រជាក់ និងសាហាវព្រៃផ្សៃខ្លាំងណាស់ ។ អ្វីដែលធ្វើឱ្យហួសចិត្តពេលដែលឮនាងនិយាយត្រង់ឃ្លាថា «ពេលខ្លះញ៉ុមឆ្លាត ត្រង់ថាទូទឹកកកនេះ កកខ្លាំងណាស់ ចឹងញ៉ុមបន្ថយកន្លែងនេះឱ្យកកល្មម ដើម្បីស្រួលកាត់សពជាដុំៗ ព្រោះ តែញ៉ុមខ្លាចឈាមណាស់» ។
ស្ត្រីជាឃាតករឆ្លើយសារភាពទៀតថា «ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះប្រាកដមែន ដោយដំបូងបានចាប់ច្របាច់កនិងកាច់កបំបាក់ ។ លុះដឹងថា ស្លាប់ហើយខ្លួនក៏បានយកកាំបិតប៉័ងតោកាត់សពជាកំណាត់ៗ ដោយកាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ ច្រកដាក់ស្បោងខ្មៅដាក់ក្នុងធុងក្លាស្សេធំមួយ និងជញ្ជូនយកទៅបោះចោលនៅក្នុងទន្លេបន្តិចម្តងៗទាល់តែអស់ ។ ចំពោះការខ្ចប់សពដែលកាត់ជាបំណែកៗយកទៅបោះចោលនេះ គឺដើម្បីមិនឱ្យនរណាម្នាក់ចាប់អារម្មណ៍នោះឡើយ ។
ក្រោយពីទទួលបានការសារភាពប្រាប់អំពីសកម្មភាពរបស់ខ្លួនទៅលើស្ត្រីជាជនរងគ្រោះរួចហើយ នៅព្រឹកថ្ងៃទី១១ មិថុនា កម្លាំងកងរាជអាវុធហត្ថក៏នាំខ្លួនស្ត្រីដៃដល់ទៅធ្វើការឆែកឆេរក្នុងផ្ទះរបស់ខ្លួន និងបាននាំទៅឱ្យចង្អុលកន្លែង ដែលបានយកបំណែកសពរបស់ស្ត្រីរងគ្រោះមួយចំណែក មានប្រអប់ដៃ ប្រអប់ជើងទៅបោះចោលនៅមាត់ទន្លេផងដែរ ។ ពាក់ព័ន្ធទៅនឹងករណីសម្លាប់នេះ គឺជារឿងប្លន់សម្លាប់ ដោយសារតែកន្លងមក ស្ត្រីជាជនដៃដល់បានខ្ចីលុយពីស្ត្រីរងគ្រោះ ។
គួរបញ្ជាក់ថា សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញ បានបំបែកសំណុំរឿងឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ ដោយឃាត់ខ្លួនស្ត្រីជាជនដៃដល់ម្នាក់ ក្រោយពីបានធ្វើសកម្មភាពសម្លាប់ស្ត្រីជាជាងអ៊ុតសក់នៅផ្សារចាស់ដែលជាមិត្តភក្តិរបស់ខ្លួន ។
អ្វីដែលមានសារជាតិសាហាវព្រៃផ្សៃបំផុតកម្រជួបប្រទះនោះគឺ ក្រោយពីសម្លាប់ហើយបានយកកាំបិតប៉័ងតោកាត់សពជាបំណែកៗ ច្រកថង់ខ្មៅ ដូចគេច្រកសាច់គោ សាច់ជ្រូក ហើយយកទៅបោះចោលក្នុងចេតនាបំបិទភស្តុតាង ។ ហេតុការណ៍វែកមុខឃាតករនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១និង ១៥នាទីព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០Eo ផ្លូវលេខ១៥៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ស្ត្រីឃាតករជាជនដៃដល់ ដែលត្រូវបានចាប់ឃាត់ខ្លួននេះ ឈ្មោះ ដា អាយុជាង៤០ឆ្នាំ នាងមានប្តីរហូតដល់៦នាក់ ដែលប្តីចុងក្រោយគេគឺជាជនបរទេស មានមុខរបរលក់បាយសម្ល ស្នាក់នៅផ្ទះលេខ៤០Eo ផ្លូវលេខ១៥៤ ក្នុងសង្កាត់ជ័យជំនះ ។ រីឯស្ត្រីរងគ្រោះឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ ជាជាងអ៊ុតសក់នៅផ្សារចាស់ និងជាស្ត្រីមេម៉ាយ មានកូនស្រីម្នាក់ឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ និងមានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ
Posted by Chem Dalin on Tuesday, June 11, 2019