លោកសុខ ឥសាន ថា ការអំពាវនាវរបស់ក្រុមប្រឆាំងឱ្យមានការរួបរួមគ្នារក្សាEBA គឺជាល្បិច
បន្ទាប់ពីគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការ និងគ្រប់គណបក្សនយោបាយ រួមកម្លាំងគ្នារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក លោកសុខ ឥសាន ហៅថាការអំពាវនាវរបស់គណបក្សប្រឆាំងឱ្យមានការរួបរួមគ្នារក្សាEBA គឺជាល្បិច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងតេឡេក្រាមរបស់លោកថ្ងៃទី១១ ខែមិថុនានេះថា អ្នកណាក៏ដឹងដែរថា លោកសម រង្ស៊ី បានប្រកាសស្នាដៃរបស់ខ្លួន ក្នុងការជំរុញឲ្យសហគមន៍អឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ប៉ុន្តែឥឡូវស្រាប់តែមកប្រកាសឲ្យជួយការពារទៅវិញ ។ នេះជាល្បិចបោកប្រាស់សាធារណមតិឲ្យយល់ ច្រឡំថា ខ្លួនខិតខំការពារ EBA ណាស់ តែតាមការណ៍ពិតគឺលោកសម រង្ស៊ី និងបក្ខពួកជាអ្នកបំផ្លាញEBAទៅវិញទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៩ ខែមិថុនា អតីតបក្សប្រឆាំងអំពាវនាវទៅពលរដ្ឋគ្រប់និន្នាការ រួមកម្លាំងគ្នារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនិងGSPរបស់សហរដ្ឋអាមេរិក។ គណបក្សនេះលើកឡើងទៀតថា ការអំពាវនាវនេះធ្វើឡើង«ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខលំបាករបស់ពលរដ្ឋខ្មែរ»។
ការលើកឡើងបញ្ហាEBA នៅពេលនេះ ខណៈសហភាពអឺរ៉ុប កំពុងសិក្សា និងស្វែងរកការណ៍ពិត មុននឹងសម្រេចថា គួរព្យួរ ឬបន្តផ្តល់ EBAឲ្យកម្ពុជាជាបន្តទៀត ខណៈសហភាពអឺរ៉ុប បានក្រើនរំឭកអោយរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ ចំណែកប្រទេសក្រុមអ្នកបញ្ជាទិញបានផ្ញើលិខិតរំឭករដ្ឋាភិបាលកម្ពុជាថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ក្នុងការនាំទំនិញទៅលក់នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ លាភ