លោក ហួត ​ជា អាថ៌កំបាំង ៣ នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុ​ន

លោក ហួត ជា ប្រធាន​ក្រុមហ៊ុន ហួត​ជា​ផ្គត់ផ្គង់​សម្ភារ​សំណង់ ដ៏​ធំ​មួយ​នៅ​កម្ពុជា មានប្រសាសន៍ថា ការចាប់ផ្តើម​ធ្វើ​ជំនួញ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ប្រឹង​ថែទាំ​យូរ​ទៅ​វា​នឹង​លូតលាស់​ធំឡើងៗ តែបើ​យើង​ដាំ​ដើមឈើ​ធំ​ស្រាប់​ ជួនកាល​ដើមឈើ​នោះ​អាច​ងាប់​ទៅវិញ​ក៏មានដែរ។

ក្រុមហ៊ុន ហួត​ជា បង្កើតឡើង​កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១០ដែល​បោះទុន​វិនិយោគ​ត្រឹមតែ៥ពាន់​ដុល្លារ​ប៉ុណ្ណោះដោយសារខិតខំ​អស់ពី​កម្លាំងកាយ-ចិត្ត​ក្នុងការ​ស្វែងរក​ទីផ្សារ​លក់​ចេញ​ផលិតផល​របស់​ក្រុមហ៊ុន និង​ខិត​ខំរៀន​បន្ថែម​ដើម្បី​យកចំណេះ ទៅ​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន។ ផ្ទុយពី​ក្រុមហ៊ុន​មួយចំនួនទៀត ដែលបោះទុន​រកស៊ី​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​ ប្រធាន​ក្រុមហ៊ុនរូបនេះ​បញ្ជាក់ថា ការវិនិយោគ​ប្រៀបដូចជា​ការដាំ​ដើមឈើ​ពី​តូច ហើយ​ខំប្រឹង​ថែទាំ​ស្រោច​ទឹក​ដាក់​ជី ដើមឈើ​នោះ​នឹង​រីកលូតលាស់​ឡើង​ធំ​មិន​ខាន ហើយ​ការរកស៊ី​ដាក់ទុន​ធំ​តែម្តង ប្រៀបដូចជា​ការ​គាស់ដើមឈើ​ធំ​មួយ​ដើម​ទៅ​ដាំ​ដូច្នោះ​ដែរ វា​នឹងមាន​លទ្ធផល២ ចេញមក​វិញ គឺអាច​ងាប់ និង​អាច​រស់”។

​លោក ហួត ជា បន្តថា ដោយ​សម្លឹង​ឃើញថា​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​សំណង់​ដែល​កាន់តែ​រីកដុះដាល​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ ទើប​លោក​សម្រេចចិត្ត​ឈប់​ធ្វើការ​ឱ្យគេហើយ​ប្រឹង​ប្រមែប្រមូល​ដើមទុន​បាន​ចំនួន​ប្រហែល៥ពាន់ដុល្លារ សម្រាប់​បើក​ដំណើរការ​ក្រុមហ៊ុន​ជា​លើកដំបូង។ មាន​ភាពខ្វះខាត​យ៉ាងខ្លាំង សូម្បីតែ​រថយន្ត​ដឹកទំនិញ​ឱ្យ​អតិថិជន​ក៏​គ្មាន​ដែរ តែដោយសារ​ការ​ខំព្យាយាម និង​ខំប្រឹង​អស់ពី​កម្លាំង​ពលកម្មកម្លាំង​ប្រាជ្ញា និង​ពេលវេលា ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​រីកលូតលាស់​លឿន​រហ័ស មកទល់​បច្ចុប្បន្ន​បង្កើត​បាន ៣១សាខា ទាំង​នៅក្នុង​រាជធានី​ភ្នំពេញនិង​តាម​ខេត្ត​។

អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន​ឡើង​នោះ គឺ​ក្រុមហ៊ុន​ផ្អែកទៅលើ​កត្តាសំខាន់ធំៗចំនួន៣ ទី១.គឺ​អ្នកផ្គត់ផ្គង់ ត្រូវមាន​ភាពស្មោះត្រង់​ជាមួយគ្នា។ ទី២.កត្តា​បុគ្គលិក សម្រាប់​បុគ្គលិក​គឺ​យើង​មិន​ត្រឹម​ស្រឡាញ់​តែ​មាត់​ទេ គឺ​យើង​ត្រូវ​ផ្តល់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌល្អៗ ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ផង និង​ទី៣.កត្តា​អតិថិជន គឺ​នៅពេលដែល​យើង​មាន​ផលិត​ផលគុណ​ភាពល្អ តម្លៃ​ល្អ ហើយ​មាន​បុគ្គលិក​ធ្វើការ​បម្រើសេវា​កម្មបាន​ល្អ​ហើយនោះ នឹងមាន​ការគាំទ្រ​ពី​អតិថិជន​មិន​ខាន។ បន្ទាប់ពី​ក្រុមហ៊ុន​ដំណើរការ​ហើយ អ្វីដែល​យើង​ត្រូវ​ប្រយ័ត្ន​ឱ្យបាន​ខ្លាំង​បំផុត​នោះ​គឺ ប្រាក់​ចំណូល​ដែល​រកបាន គឺ​យើង​ត្រូវធ្វើ​ការចាយវាយ​ដោយ​ប្រយ័ត្ន​បំផុត បើសិនជា​ចាយ​ខុស​ខ្ទង់​ណាមួយ អាច​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់ ពេលនោះ​ភាពបរាជ័យ​កាន់តែ​ខឹ​ត​ជិត​មករក​ហើយ។

បន្ទាប់ពី​ទទួលបាន​ជោគជ័យ និងដោយសារ​មានការ​គាំទ្រ​ខ្លាំង​នេះហើយ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​របស់លោក​មាន​អតិថិជន​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​មានការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុងនោះ​ក្រុមហ៊ុន​របស់លោក​ទទួល​បាន​ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុនធំៗពី​បរទេស​ថា ជា​កំពូល​អ្នក​ចែកចាយ​ដ៏​វៃឆ្លាត​ ហើយ​បន្ត​ទទួលបាន​ប័ណ្ណសរសើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​ថែមទៀត។

សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​ផ្គត់ផ្គង់​សំណង់​ក្នុងស្រុក​មួយ​នេះ បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ទាំងឡាយ ហើយ​រំពឹងថា​នឹង​ពង្រីក​សាខា​ឱ្យបាន៥០​នាចុងឆ្នាំ២០១៩​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​គ្រប់​ប្រភេទ​ទៅដល់​អតិថិជន រួមទាំង​សេវាកម្ម និង​គុណភាព ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែម​ទៀតផង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds