រៀនត្រឹមវិទ្យាល័យសោះ!! អាចបង្កើតបានប្រព័ន្ធទំនើបប្លែកៗ រហូតក្រុមហ៊ុនបច្ចេកវិទ្យាធំៗចង់បាន
យុវជនវ័យក្មេងម្នាក់បានក្លាយជាខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា ត្រឹមតែរយៈពេលខ្លី នេះក៏ព្រោះតែរូបគេរកឃើញបច្ចេកវិទ្យាប្រព័ន្ធបើកបរស្វ័យប្រវត្តិ(Self-driving car) រហូតឈានដល់បង្កើតបានក្រុមហ៊ុន The Luminar Technology តាំងពីនៅរៀនថ្នាក់វិទ្យាល័យ(អាយុ ១៧ ឆ្នាំ)។
Austin Russell ជាឈ្មោះក្មេងប្រុសរាងខ្ពស់ស្រឡះ ពណ៌សក់ទង់ដែងគ្របមុខតាមបែបអឺរ៉ុប ដែលមានចំណូលចិត្តផ្នែកបច្ចេកវិទ្យាតាំងពីតូចមកម្ល៉េះ។ កាលពីនៅអាយុ ១០ ឆ្នាំ Russell រៀនសរសេរកូដចេះស្ទាត់បាត់ទៅហើយ។ គ្រាមួយនោះ ម្ដាយរបស់ Russell មិនទិញទូរសព្ទឲ្យរូបគេប្រើ ស្រាប់តែក្មេងប្រុសឆ្លាតវៃនេះ នឹកឃើញយករបស់លេង(Nintendo DS) រួចមកសរសេរកូដកម្មវិធីដែលគេចេះ(firmware) នោះមកដាក់បញ្ចូលក្នុងបន្ទះឈីបរហូតអាចក្លាយជាទៅទូរសព្ទបាន។ សំណួរពី CNBC តើវាទៅរួចដែរទេ? Russell ឆ្លើយថា “បាទ! វាពិតជាខលចេញបានមែន”។
នៅមិនទាន់ចប់ត្រឹមនេះទេ ក្មេងប្រុសដែលមានទេពកោសល្យខាងច្នៃប្រឌិតថ្មីនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រព័ន្ធដំណើរការរបស់ម៉ាស៊ីននានា។ រូបគេមានមហិច្ចតាធំ ចង់បង្កើតប្រព័ន្ធកុំព្យូទ័រ, ចង់បង្កើតកំពូលកុំព្យូទ័រកម្លាំងខ្លាំង(Super Computer) គ្រឿងបង្គុំផ្នែករឹង(Hardware) និងឧបករណ៍ជាច្រើនទៀតដែលទាក់ទងនឹងប្រព័ន្ធឡេសឺ(Lasers), ឧបករណ៍អុបទិក(Optics), ឧបករណ៍ Photonics ដោយផ្ទាល់ខ្លួន។ Russell បានពន្យល់ថា បច្ចេកវិទ្យា Photonics ជាដំណើការបែបវិទ្យាសាស្ត្រអាចបង្កើតចេញពន្លឺនិងថាមពលផ្សេងៗចេញពីរូបថតផ្ទាល់។ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឍមណ្ឌល The National Center for Optics and Photonics Educations។
ដោយហេតុនេះហើយទើបទាក់ចិត្តរូបគេឲ្យដក់ជាប់នឹងបច្ចេកវិទ្យានេះ ហើយក៏ចង់ក្លាយជាចំណែកមួយនៃការបង្កើតប្រព័ន្ធនោះអាចដំណើរការក្នុងជីវភាពប្រចាំថ្ងៃបាន។
លុះដល់អាយុ១៥ ឆ្នាំរូបគេទទួលបានការងារលើកដំបូងជាមួយ LIDAR ជាមនុស្សមួយក្រុមដែលសិក្សាស្រាវជ្រាវពីប្រព័ន្ធពន្លឺ និងបង្កើតម៉ាស៊ីនឡេសឺធំៗផងដែរ។ LIDAR ជាវិធីសាស្ត្រមួយដែលប្រើប្រាស់ឡេសឺ ទៅគណនាចម្ងាយរបស់វត្ថុ ក្នុងការបង្កើតចេញជាផែនទី 3D ឲ្យដូចទៅនឹងស្ថានភាពជាក់ស្ដែង។
បច្ចេកវិទ្យានេះជាជណ្ដើរដ៏ល្អ ដែលអាចឲ្យក្មេងប្រុស Russell យកទៅអនុវត្តន៍លើរថយន្តដែលមានសមត្ថភាពអាចកំណត់សម្គាល់ អាចដៅទីតាំង និងកំណត់ដឹងឧបសគ្គនៅខាងមុខបានយ៉ាងល្អ ដែលឲ្យឈ្មោះថា Self-driving technology។ កន្លែងធ្វើការដំបូងនេះហើយជាបេះដូងរបស់ Russell អាចចាប់ផ្ដើមអាជីវកម្មដំបូងបង្អស់(Start-up) ហើយក៏ជាកន្លែងចាប់កំណើតក្រុមហ៊ុន Luminar Technology ដោយយកបច្ចេកវិទ្យាសេនសឺរបស់ LIDAR ទៅអភិវឌ្ឃថ្មីបំពាក់លើយានយន្ត។
និយាយអំពីការបង្កើតក្រុមហ៊ុនក្មេងខ្ចីនេះ ធ្វើឲ្យសិស្សវិទ្យាល័យរូបនេះដក់ជាប់នឹងការធ្វើជំនួញ រហូតដល់បោះបង់ការសិក្សាថ្នាក់ឧត្ដមនៅសកលវិទ្យាល័យល្បីលំដាប់ពិភពលោកគឺ Stannford University តាំងពីឆ្នាំដំបូងម្ល៉េះ។
ទោះបោះបង់ការសិក្សាក្ដី ក៏ប៉ុន្តែយុវជនរូបនេះបានដាក់ពាក្យចូលរួមប្រកួត ព្រមទាំងបានក្លាយជាជ័យលាភីក្នុងកម្មវិធី The Thiel Fellowship ដែលបង្កើតឡើងដោយលោក Peter Thiel (ជា Co-founder ក្រុមហ៊ុន PayPal) សម្រាប់ផ្ដល់ជូន Start-up វ័យក្មេងអាយុក្រោយ ២៣ ឆ្នាំដែលមានទឹកប្រាក់សរុបចំនួន ១០០ ០០០ ដុល្លារអាមេរិករយៈពេល ២ ឆ្នាំធ្វើជាទុនដំណើរការអាជីវកម្មរបស់ខ្លួន។
មកទល់ពេលនេះក្រុមហ៊ុនថ្មីថ្មោង The Luminar Technology បានឈរជើងលើទីផ្សារយ៉ាងមាំដែលមានកេរ្តិ៍ឈ្មោះថាជាក្រុមហ៊ុនស្តង់ដារឈានមុខគេលើបច្ចេកវិទ្យាបើកស្វ័យប្រវត្តិលើយានយន្ត។ លើសពីនេះមានក្រុមហ៊ុនទុនរាប់កោដដុល្លារ បានផ្ដល់ទំនុកចិត្តឲ្យអភិវឌ្ឍលើផលិតផលរបស់គេដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Velodyne, Quanergy, Innoviz ហើយបច្ចេកវិទ្យាក្រុមហ៊ុនទាំងនោះយកទៅបំពាក់លើក្រុមហ៊ុនរថយន្ត Ford, Volvo , Mecedes-Benz ព្រមទាំងបានប្រើលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដូចជា BMW និងក្រុមហ៊ុនរថយន្តអគ្គិសនីប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងគឺ HiRain ថែមទៀតផង។
អត្ថបទ កែវ ច័ន្ទសុផាវរុណ