មាស សុខសោភា បានចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោង
ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រួយស្រែសរបស់ផលិតកម្មថោន អ្នកនាង មាស សុខសោភា នៅថ្ងៃទី១១ ខែមិថុនា នេះបានបង្ហាញសារដ៏ទាក់ទាញចំណាប់អារម្មណ៍មួយ ដោយភ្ជាប់រូបទីងមោងដែលធ្វើឡើងមានមុខមាត់ដូចនាងហើយពោលថា«កាលពីតូច មាស សុខសោភា ក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោង មាស សុខសោភា»។
ពីចេតនាកោតសរសើរទេព្យកោសល្យស្នាដៃកូនខ្មែរតារាចម្រៀងស្រីល្បីប្រចាំប្រទេសរូបនេះក៏បន្តថា«នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩នេះ និងមិនធ្វើអោយអូនតូចៗរត់ទៀតទេ។ មាស សុខសោភា សូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោង មាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា»។
អត្ថបទ កែវ ច័ន្ទសុផាវរុណ