អាគារពាណិជ្ជកម្ម លំដាប់ពិភពលោកនៅខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក របស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ជា គម្រោងមួយ ដែលនឹងផ្លាស់ប្ដូរ មុខមាត់ខេត្ត ព្រះសីហនុ នឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៣ខាងមុខ។
លោក ឈីវ គួរស៊ីង ប្រធានក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអោយដឹងថា គម្រោងនេះ ជាគម្រោងសណ្ឋាគារលំដាប់ផ្កាយ ប្រាំចំនួនមួយ និងខុនដូ បែបសណ្ឋាគារ ផ្កាយប្រាំចំនួនពីរ អាផាតម៉ិន ផ្សារទំនើប និងកាស៊ីណូ ត្រូវបានសាងសង់ រណ្តៅគ្រឹះ រួចរាល់ នឹងឈានចូលដល់ដំណាក់កាលសាងសង់ នៃគម្រោងពហុមុខងាររបស់ខ្លួន ដោយគម្រោង នេះ ត្រូវបានរំពឹងថា នឹងសាងសង់រួចរាល់ នៅខែមីនា ឆ្នាំ ២០២៣។
លោកបន្តថា គម្រោងពហុមុខងារ ព្រីនស៍ ធានស៊ីវ៉ាននេះ មិនត្រឹមតែ បង្ហាញពីភាពចម្រុងចម្រើន នាពេលអនាគត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិម្មិតសញ្ញានៃការពង្រីក យុទ្ធសាស្ដ្ររបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប នៅក្នុងខេត្ត ព្រះសីហនុ ក៏ដូចជាការ បោះជំហ៊ាន កាន់តែជិតក្នុងការរស់នៅតាមឆ្នេរសមុទ្រសម័យថ្មី។
លោកបានបន្ថែមថា បន្ទាប់ ពីបានធ្វើការសិក្សា និងដាក់ចេញនូវផែនការយ៉ាងល្អិតល្អន់ កាលពីឆ្នាំ២០១៨កន្លងមកនេះ ក្រុមហ៊ុន បានជ្រើសរើសយកតំបន់ឆ្នេរ សមុទ្រ ដែលមានទីតាំង ស្ថិតនៅ ភូមិ៣ សង្កាត់ លេខ ៣ ក្រុង ព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រ ធំជាងគេរបស់ប្រទេសកម្ពុជា ដែលធ្លាប់ជារមណីយដ្ឋានឯកជន សម្រាប់ រាជវង្សានុវង្ស យកមកអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនឱ្យក្លាយជាតំបន់វិស្សមកាលឆ្នេរសមុទ្រ លំដាប់ពិភពលោក និងកែប្រែកន្លែងនេះអោយក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយម នៅតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បច្ចុប្បន្ន មានដីបម្រុងជាង៨០០ហិកតា នៅកម្ពុជា ស្មើនឹងគម្រោងអភិវឌ្ឍន៍សរុបជាង១០លាន ម៉ែត្រការ៉េ ។ ក្រៅពីទីក្រុងភ្នំពេញ ក្រុមហ៊ុនមួយនេះកំពុងពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់ខេត្តក្រុង សំខាន់ៗដូចជា ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ៕
អត្ថបទ៖ សុខ លាភ