កញ្ញា រ៉ូហ្ស៊េត ជួបជុំបរិភោគនំបញ្ចុករបស់សកម្មជន CNRP នៅថ្ងៃនេះ គឺមិនមានរារាំងពីសំណាក់អជ្ញាធរទេ
ភ្នំពេញ៖ ក្រៅពីប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាជាច្រើន បានជួបជុំគ្នាបរិភោគនំបញ្ចុក តាមការអំពាវនាវរបស់សម្ដេចនាយកមន្ត្រី ហ៊ុន សែន អតីតចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏បានចូលរួមកម្មវិធីបរិភោគនំបញ្ចុក ជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាង ១០០នាក់ផងដែរ។
ប្រាប់សារព័ត៌មាន Fast News តាមទូរសព្ទនៅរសៀលថ្ងៃទី៩មិថុនានេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារក្នុងក្រុងបាត់ដំបង បានចូលរួមបរិភោគនំបញ្ចុកជាមួយសមាជិកអតីតគណបក្សសង្គ្រោះជាតិនៅក្នុងភូមិអូរតាកាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
កញ្ញា រ៉ូហ្ស៊េត ថា ថ្ងៃអាទិត្យទី៩ខែមិថុនានេះហើយ គឺជាថ្ងៃដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានអំពាវនាវដល់អតីតសកម្មជនរបស់ខ្លួន និងពលរដ្ឋបរិភោគនំបញ្ចុកខ្មែរទូទាំងប្រទេស។ «ខ្ញុំគិតថា ជាការល្អ ដែលនំបញ្ចុកត្រូវបានពេញនិយមសម្រាប់បងប្អូនខ្មែរយើង ដែលចាប់ផ្ដើមងាកមកហូបនំបញ្ចុក។ សម្រាប់ថ្ងៃនេះ នៅតាមភូមិស្រុកនានា ពលរដ្ឋខ្មែរបានហូបនំបញ្ចុក ដែលជារឿងដ៏ប្រសើរ និងអាចជួយដល់អ្នកលក់នំបញ្ចុកទៀតផង»។
ការជួបជុំបរិភោគនំបញ្ចុករបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ គឺមិនមានរារាំង និងឃ្លាំមើលពីសំណាក់អជ្ញាធរដូចពេលមុនៗនោះទេ ។ កញ្ញាចង់អោយមានការជូបជុំគ្នាហូបនំបញ្ចុកបន្តទៀត មិនមែនហូបតែថ្ងៃនេះទេ ។ «ការហូបនំបញ្ចុកតែមួយថ្ងៃ ហើយនិយាយថាសាមគ្គីនោះ គឺមិនអាចទេ។ ទាល់តែបង្ហាញរូបភាពពីសាមគ្គីភាព ពេលនោះខ្ញុំ ជឿជាក់ថាពលរដ្ឋខ្មែរនឹងអបអរសាទរ»៕