ចៅហ្វាយក្រុងភ្នំពេញ៖ ខ្ញុំកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី»
(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញដឹកនាំកម្មករ កម្មការិនី ហូបនំបញ្ចុកសាមគ្គីជាតិ នៅខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ «លុច្សសារី» ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សជាង ៤០០នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងទៅអាជ្ញាធរធ្លាប់បានណែនាំជាច្រើនលើកច្រើនសារហើយ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ដខាងលើនេះ ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលម្ចាស់ទីតាំងនៅបន្ដបើកដដែលមិនថា យប់ថ្ងៃនោះឡើយ ដោយបង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រហូតប៉ុន្មានថ្ងៃមុននេះមានករណីបាញ់បោះផងដែរ។
លោកអភិបាលបានបញ្ជាក់ថា «នៅពេលនេះយើងកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ម្ចាស់ក្លឹបយកផ្តន្ទាទោសតាមច្បាប់»។
អត្ថបទ៖ សុខ លាភ