លោក ខេមរៈ សិរីមន្ត បានព្រមានទៅដល់អ្នកបង្កើតផេកដាក់ឈ្មោះខ្លួនរាប់ពាន់គណនី
ភ្នំពេញ ៖ លើបណ្តាញសង្គមហ្វេសប៊ុកមានមហាជនមិនតិចឡើយតែងត្អូញត្អែរពីផលវិបាកក្នុងការស្វែងរកគណនី ឬទំព័រហ្វេសប៊ុក របស់ជនល្បីៗដែលជាអាយដលរបស់ខ្លួន ដោយសារការបង្កើតឈ្មោះដូចៗគ្នាដ៏ច្រើនលើសលប់ រហូតពេលខ្លះម្ចាស់ដើមចាប់បាន និងធ្វើការសាកសួរពីហេតុផលក៏ឆ្លើយថា «ដោយសារស្រលាញ់ពេក» ប៉ុន្តែត្រូវគេមើលឃើញពពួកជនដែលបង្កើតទាំងនោះសុទ្ធសឹងតែក្នុងបំណងបម្រើប្រយោជន៍ខ្លួន មិនដែលខ្វល់កិត្តិយសម្ចាស់គេនោះឡើយ ដោយអ្នកខ្លះបង្កើតយកបង្ហោះរឿងប៉ះពាល់សង្គម និងរូបអាសអាភាសជាដើម។
ជាមួយគ្នានេះតារាប្រុសល្បីទ្រនំហង្សមាស ខេមរៈ សិរីមន្ត ក៏កំពុងជួបបញ្ហានេះដែរដោយគណនីរបស់លោកមានដល់ទៅរាប់ពាន់ឯណោះ ដោយមិនចង់ឲ្យអ្នកគាំទ្រវិលមុខ ក្នុងការស្វែងរក លោកក៏បានធ្វើការជូនដំណឹងដល់អ្នកបង្កើតបំណងទាញ Like យកលក់ដោយសារលក្ខណៈជូនដំណឹង និងព្រមានថា «ខណៈនេះពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើការស្នើរដល់បងប្អូនដែលបានបង្កើតផេកដែលមានឈ្មោះខ្ញុំ សូមអោយបងប្អូនប្តូរឈ្មោះទៅឈ្មោះផ្សេងទៀតដើម្បីកុំអោយមានការយល់ច្រឡំណាមួយ ហើយបើបងប្អូនមិនបានប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំនឹងធ្វើការ Report ផេកបងប្អូនហើយ»។ ភ្លាមនោះក៏មានអ្នកគាំទ្រជាច្រើនបានចូលខមិនដោយសំណូមពរឲ្យលោក ខេមរៈ សិរីមន្ត verify page ងាយស្រួលចំណាំ។