អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់មានប្រជាពលរដ្ឋពុលនំបញ្ចុកទេ នៅព្រឹកនេះ
ភ្នំពេញ៖ រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី៩ មិថុនា បន្ទាប់ពីមានព្រឹត្តិការណ៍ជុំគ្នាបរិភោគនំបញ្ចុកទូទាំងប្រទេស គឺមិនទាន់មានរបាយការណ៍បញ្ជាក់ថា មានប្រជាពលរដ្ឋពុលដោយសារការទទួលទាននំបញ្ចុកនោះទេ ។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានFast News លោក លី សុវណ្ណ បានអោយដឹងថា រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី៩ មិថុនា ខាងក្រសួងមិនទាន់បានទទួលព័ត៌មានស្តីពីការពុលនំបញ្ចុកនោះទេ។ តែយ៉ាងណាគ្រប់មន្ទីរ-មណ្ឌលសុខភាព បានត្រៀមលក្ខណៈសង្គ្រោះ២៤ម៉ោង និងរថយន្តសង្គ្រោះ រថយន្តចល័ត ក្នុងករណីពុលនំបញ្ចុកជាយថាហេតុ និងជំងឺដទៃទៀត នៅថ្ងៃនោះផងដែរ។
លោកវេជ្ជបណ្ឌិតរូបនេះ បន្ថែមថា «ក្រសួងបានប្រាប់ទៅមន្ទីរនៅគ្រប់រាជធានី-ខេត្ត និងមណ្ឌលសុខភាពស្រុក ឃុំនៅមូលដ្ឋាន ឬតាមតំបន់នានា ឱ្យត្រៀមនិងពង្រឹងសមត្ថភាពខ្ពស់ ដើម្បីចាំទទួល និងព្យាបាលអ្នកជំងឺ ពិសេសអ្នកពុលនំបញ្ចុក នៅថ្ងៃទី៩មិថុនា។
កាលពីថ្ងៃទី៦មិថុនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នផងដែរ ដោយខ្លាចពុលនំបញ្ចុក។ ប្រមុខរដ្ឋាភិបាល បង្គាប់ទៅក្រសួងសុខាភិបាល ដូច្នេះថា «ក្រសួងសុខាភិបាល ពេលហ្នឹង ត្រូវតាមមើលឲ្យមែនទែន ដោយសារកន្លងទៅ មានករណីពុលនំបញ្ចុកហ្នឹងរួចហើយតើ។