ក្មួយប្រុសសម្តេចតេជោហ៊ុន សែន ជំរុញសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនថៅកែក្លឹបកម្សាន្ត “លុច្សសារី”
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោហ៊ុន សែន បានជំរុញនិងលើកទឹកសមត្ថកិច្ចឲ្យស្រាវជ្រាវរកមុខម្ចាស់ក្លឹបកម្សាន្ត “លុច្សសារី” ដើម្បីមកផ្តន្ទាទោសតាមច្បាប់។ ការប្រកាសបែបនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងដកហូតថ្នាំញៀននៅក្នុងក្លឹបកម្សាន្ត មួយនេះ។
ឯកឧត្តមហ៊ុនជា បានបង្ហោះសារតាមគណនីហ្វេសប៊ុក “HC ហ៊ុន ជា ដើម្បីខ្មែរ” ថា “Good morning Cambodia ប្រាប់ហើយថាកុំអាងអរគុណបងសំលាញ់ រកមេវាអោយឃើញ ហើយចាប់អោយបានបង (ភ្លៀងទៀតហើយ បាទ)”។
គួរបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត កាលពីវេលាម៉ោងប្រមាណ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត “លុច្សសារី” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្នុងប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ៤០០នាក់ ភាគច្រើន ជនជាតិចិន និងវៀតណាម រួមជាមួយថ្នាំញៀនមួយចំនួនផងដែរ។ បន្ទាប់ពីធ្វើការឆែកឆេររួចរាល់ សមត្ថកិច្ចបានបិទក្លឹបកម្សាន្តនេះជាបណ្តោះអាសន្ន។ ចំណែកមនុស្សត្រូវបានសមត្ថកិច្ចដាក់ឡានមកកាន់ស្នងការរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា នេះជាក្លឹបកម្សាន្តទី២ហើយ បន្ទាប់ពីក្លឹបកម្សាន្តរ៉ុក ដែលត្រូវបានលោកស ថេត ស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាប ដកហួតថ្នាំញៀនជាច្រើនគីឡូ និងបិទក្លឹបចោលតែម្តង ៕
អត្ថបទ ៖ សុខ លាភ