លោកអ៊ុំ សំអាន ៖ នាយករដ្ឋមន្រ្តីសិង្ហបុរី ថាវៀតណាមឈ្លានពានកម្ពុជារឿងត្រឹមត្រូវ
អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គោះជាតិ លោកអ៊ុំ សំអាន បានអោយដឹងថាការលើកឡើងរបស់លោក លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី វៀតណាមចូលឈ្លានពានកម្ពុជាពិតជាត្រឹមត្រូវ។
លោកសរសេរនៅក្នុងហ្វេសបុកនៅថ្ងៃទី៧ ខែមិថុនា នេះ ថាថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃយួនចូលឈ្លានពានកម្ពុជា ដែលយួនចាំតែឱកាសនេះយូរមកហើយ ដើម្បីឈ្លានពានកម្ពុជានិងយកកម្ពុជាដូចយកកម្ពុជាក្រោមអញ្ចឹង តាមនយោបាយឆ្ពោះមកទិសខាងលិចរបស់ ហូជីមិញ ។
លោកបានលើកករណីចំនួន៥ ដែលថា ចលនាតស៊ូខ្មែរដែលដឹកនាំដោយសម្តេចតា សីហនុ នៅតាមជាយដែនខ្មែរ-ថៃ និងគំនាបអន្តរជាតិ ព្រមទាំងការដួលរលំរបស់សហភាពសូវៀត ទើបធ្វើអោយយួនព្រមដកទព័ចេញពីកម្ពុជា កុំអីយួនមិនព្រមចេញពីកម្ពុជានោះទេ យួនបានចូលមករំលំរបបខ្មែរក្រហមហើយ មិនបានដកទព័ទៅវិញនោះទេ ,យួនបានដាក់ជំនាញការគ្រប់ស្ថាបន័និងគ្រប់ថ្នាក់ ដើម្បីត្រួតត្រាខ្មែរ, យួនបានបង្ខំអោយខ្មែរ សុីញ៉េកាត់ដីខ្មែរអោយយួនតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨២, ១៩៨៣និង១៩៨៥,យួនបានបង្ខំអោយខ្មែរ (រដ្ឋាភិបាលដែលលើកបន្តុបដោយយួន) សុីញ៉េអោយខ្មែរ៥គ្រួសារ ត្រូវមានយួន៣គ្រួសារ អនុវត្តផែនការ ក៥ ដើម្បីសម្លាប់ខ្មែរ។
លោកបន្ថែមថា លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀន ឡុង ថាយួនឈ្លានពានកម្ពុជាឆ្នាំ១៩៧៩ ជារឿងត្រឹមត្រូវ ដែលខុសពីលោក ហ៊ុន សែន និងរបបក្រុងភ្នំពេញ បែរជាប្រតិកម្មជំនួសយួនទៅវិញ ហើយសម្តេចតា នរោត្តម សីហនុ ក៏ធ្លាប់មានបន្ទូលថា យួនឈ្លានពានកម្ពុជា នាទសវត្សទី៨០ ផងដែរ។
អត្ថបទ៖ សុខ លាភ