លោក ពេជ្រ ស្រស់ ឆ្លើយតបភ្លាមៗទៅលោក ហ៊ុន សែន ដែលថាមិនបន្តអោយមានទៀត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅអាណត្តិក្រោយ
ភ្នំពេញ ៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយនៅក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត គឺមានតែត្រឹមតែអាណត្តិនេះប៉ុណ្ណោះ ប្រធានគណបក្សយុវជនកម្ពុជា នឹងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ មិនចាប់អារម្មណ៍ពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោកពេជ្រ ស្រស់ ថាចំពោះការលើកឡើងថាអាណត្តិក្រោយលែងមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ វាអត់មានអីខុសទេ ពីព្រោះយោងតាមព្រះរាជក្រិត នៃការតែតាំងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺមានរយៈពេលស្មើអាណត្តិរដ្ឋសភាដូចគ្នា។
លោកថា គណបក្សយុវជនកម្ពុជាអត់ខ្វាយខ្វល់ចំពោះឧត្តមក្រុមប្រឹក្សា និងមិនចាប់អារម្មណ៍ មានជីវិតបន្តអាណត្តិក្រោយនោះទេ គណបក្សយុវជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ បេសកកម្មច្បាស់លាស់ ជំហរច្បាស់លាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស នឹងជួយសង្គ្រោះជនស្លូតត្រង់ដែលរងការរំលោភបំពាន់ពីសំណាក់អ្នកមានអំណាច អ្នកមានលុយ នឹងជនពុករលួយ។
លោកបន្ថែមថា អញ្ចឹងចំពោះឧត្តមក្រុមប្រឹក្សា ទោះបីអាណត្តិក្រោយមានឬគ្មាន គណបក្សរបស់លោកមិនព្រួយបារម្មណ៍នោះទេ ព្រោះសកម្មភាពនយោយបាយដ៏មុតស្រួច ហើយខ្លាំងក្លាថែមទៀតផង ក្នុងក្របខណ្ឌ័នយោបាយ នឹងក្របខណ្ឌគោលនយោបាយរបស់គណបក្សយុវជនកម្ពុជា ។ មាន ឬគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺមិនមានអ្វីដែលរាំងស្ទះការងាររបស់គណបក្សយុវជនកម្ពុជានោះទេ ។
អត្ថបទ៖ សុខ លាភ