ស​.​ស​.​ស​.​ក ស្វាគមន៍​ការសម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​ឲ្យ​វិទ្យុ VOA បើក​ការិយាល័យ​ជា​ផ្លូវការ នៅ​កម្ពុជា

ភ្នំពេញ​៖ ក្រោយពេលដែលក្រសួងព័ត៌មាន សម្រេចអោយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នឹងមានការិយាល័យតំណាងស្របច្បាប់មួយ នៅក្នុងប្រទេសកម្ពុជា  សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ស្វាគមន៍​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឲ្យ​វិទ្យុ VOA បើក​ការិយាល័យ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ស​.​ស​.​ស​.​ក ក៏​អំពាវនាវ​ដល់​អង្គភាព​ព័ត៌មាន​អនុវត្ត​សិទ្ធិ សេរីភាព របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌ ក្នុងការ​ផ្តល់ព័ត៌មាន​ពិត មិន​ប្រើ​ខ្លឹមសារ​ញុះញុង និង​បំភ្លៃ ដើម្បី​រួមចំណែក​កសាង​សង្គម​ស៊ី​វិ​ល័យ នៅ​កម្ពុជា​។​

​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ខិតខំ​ធ្វើ​ការងារ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​ព័ត៌មាន​យល់ព្រម​តាមផ្លូវ​ច្បាប់ ទទួលស្គាល់​ការិយាល័យ VOA នៅ​ក្រុងភ្នំពេញ ​ដែល​បាន​បើក​ធ្វើការ​ជា​យូរ​មកហើយ​។​

បើទោះបីជា ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​វិទ្យុ VOA មាន​ការិយាល័យ​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ គេ​គ្មាន​សង្ឃឹមថា ក្រសួង​ព័ត៌មាន​នឹង​អនុញ្ញាត​ដូចគ្នា​ដល់​វិទ្យុ RFA នោះទេ ដោយ​គេ​យល់ថា វិទ្យុ RFA គ្មាន​សីលធម៌​ជា​អ្នកសារព័ត៌មាន​។​ គេ​មិនទាន់​ដឹងថា វិទ្យុ RFA នឹង​ស្នើសុំ​បើក​ការិយាល័យ​ឡើងវិញ​នៅ​កម្ពុជា​ដែរ​ ឬ​យ៉ាងណា បន្ទាប់ពី​វិទ្យុ​នេះ ​បាន​បិទ​ការិយាល័យ​ហើយ​រត់​ចេញពី​កម្ពុជា ដោយសារ​ជំពាក់​ពន្ធ​មិន​ព្រម​បង់​សង​។

សូមរម្លឹកថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩បានចេញប្រកាស សម្រេចអនុញ្ញាត​ឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកការិយាល័យ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds