រឿងហូបនំបញ្ចុក ៖ អធិការរងស្រុកកោះ​សូ​ទិន មិនមានការហាមឃាត់អ្នកហូបនំបញ្ចុកនោះទេ

បន្ទាប់ពីអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាម អះអាងថា អាជ្ញាធរមូលដ្ឋាន​ នគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិមានគ្នាប្រមាណ ៦​នាក់ចុះមកហាមឃាត់មិនឱ្យអោយពួកគាត់ជួបជុំគ្នា ដើម្បីហូបនំបញ្ចុកឡើយ ក្រោមហេតុផលថា មិនបានសុំច្បាប់ ឬ​ជូនដំណឹងទៅអាជ្ញាធរជាមុន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធ​ បានឆ្លើយតបទៅហ្នឹងការចោទប្រកាន់ខាងលើ នៅក្នុង​ហ្វេស​បុករបស់លោក​​ នៅយប់ថ្ងៃទី៦ មិថុនានេះថា ការបំភ្លឺលើពាក្យបំ​ប៉ោងដែលថា​មានការ​ឃាត់​មិន​អោយហូបនំបញ្ចុកព្រោះមិនបានសុំច្បាប់ – អធិការរងស្រុកកោះ​សូ​ទិនបានឆ្លើយបំភ្លឺនៅវិទ្យុអាចារ្យអេ ហើយក្នុងករណីអ្នកបរិភោគនំបញ្ចុកដែលគេបង្ហោះនោះ ថាគ្រាន់ទៅមើល​ដោយឆ្ងល់​ នឹង​មនុស្ស​ទៅ​ផ្ទះនោះច្រើនម្ល៉េះ បានជាប៉ូលិសប៉ុស្តទៅសួរ ហើយក៏មិនមានហាមឃាត់អ្វីដែរ។

ជាមួយគ្នានេះដែរលោក ពេជ្រ ស្រស់ ប្រ​ធាន​គណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹង បើមានការហាម​ឃាត់​នៃ​ការហូបនំបញ្ចុកមែន គឺជាការគាបសង្កត់សិទ្ធិរបស់ពលរដ្ឋ ​ដែលយើង​មិន​អាចទទួល​យក​បាន​ ដោយ​គ្រាន់តែប្រជាពលរដ្ឋ​ហូបនំបញ្ចុកក៏សុំច្បាប់ដែរនោះ វាជា​ការរឹត​ត្បិត​​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ នឹងជាការគាបសង្កត់តាមមូលដ្ឋាន ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមានចែងជាធរមាន​​។

គួរបញ្ជាក់ផងដែរថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវបន្ថែមទៀតនៅថ្ងៃនេះ ​ទៅ​កាន់​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​របស់​លោក​ ឲ្យ​រៀបចំ​កម្មវិធី​ហូប​នំបញ្ចុក​ទូទាំង​ប្រទេស​នៅ​ចុង​សប្ដាហ៍​នេះ ដោយលោកហៅថាជា ការហូបនំបញ្ចុកសាមគ្គីភាព ឯកភាពជាតិជាដើម។

ការណែនាំនេះ កើត​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី​ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ ក៏គ្រោង​រៀបចំ​ពិធី​ដូច​គ្នា​នេះ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds