លោកហ៊ុន សែន ថា គ្មាន​ការ​ចរចានយោបាយ​ទេ ទោះបី​ហូប​នំបញ្ចុក​សាមគ្គីជាតិ​ក្ដី

ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកល​វិទ្យា​ល័យ​ពុទ្ធិសាស្ត្រ នៅសាលមហោស្រពកោះពេជ្រ ​​នាព្រឹកនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ បើ​ទោះបី​ជា​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​កម្មវិធី​ហូប​នំបញ្ចុក​ទ្រង់​ទ្រាយ​ធំ ដែល​លោក​ហៅ​ថា «នំ​បញ្ចុក​សាមគ្គី​ជាតិ​»​ ក៏​ដោយ។

លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀតដល់សមាជិកប្រជាជន​កម្ពុជា ព្រមទាំងពលរដ្ឋទូទៅ ឱ្យចូល​រួម​ការហូបនំបញ្ចុកសាមគ្គីជាតិនៅថ្ងៃទី៩ ខែមិថុនា ចុង​សប្ដាហ៍​នេះ។ ព្រឹត្តិការណ៍បរិភោគ​នំបញ្ចុក​សាមគ្គី​ជាតិ​ដ៏ធំនេះ ​នឹងធ្វើឡើងដោយគ្មានការប្រកាន់បក្សនយោបាយ ហើយបញ្ឈប់ការលាបពណ៌គ្នា ​ប៉ុន្តែ លោក​បដិសេធការចរចានយោបាយណាមួយនៅក្រោយការហូបនំបញ្ចុកសាមគ្គីជាតិនេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ប៉ុន្តែ កុំយកបញ្ហាដែលខ្ញុំនិយាយនេះ ទៅធ្វើការវិភាគអ្វីផ្សេង​ក្រៅ​ពី​រឿង​ស៊ី​នំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយស្អីៗ។ សូមៗកុំមានការភាន់ច្រឡំ! ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ​តាមរយៈនៃការទទួលទាននំបញ្ចុកថ្ងៃ៩ មិថុនា នេះតែម្តង»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds