ឃាត់ខ្លួន​បុរស​ម្នាក់​ចេញ​សែក​ស្អុយ ​ទឹកប្រាក់ទំហំ​ជិត​៦​ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ ជនសង្ស័យ​១​នាក់ ត្រូវសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ករណី​ចេញ​សែក​គ្មាន​ទឹកប្រាក់​(​សែក​ស្អុយ​) នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ខន​គ្រី​ត​(​ក្រុមហ៊ុន​លាយ​បេតុង​)​ផ្ទះ​លេខ​១៤០៦ ផ្លូវ​បេតុង ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​ ហេតុការណ៍នេះកើតឡើងនៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង៦៖​០០​នាទី។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនានេះ ។

​ជនសង្ស័យឈ្មោះ សរ ចាន់​ដា​រ៉េត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម៉ៅការ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​២៦​សេ​១ ផ្លូវ​បេតុង ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ចំណេក​ជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ខន​គ្រី​ត ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​កំឡុង​ខែធ្នូ​ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ បានមក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ខន​គ្រី​ត ដើម្បី​យក​បេតុង​លាយ​ស្រេច​ទៅ​លក់​បន្ត តែ​មិនទាន់​ទូរ​ទាត់​សាច់​ប្រាក់​​ឲ្យ​ក្រុមហ៊ុន សរុប​ជា​ទឹកប្រាក់​ចំនួន​៥៥.៦៥៥​ដុល្លារ ។ ក្រោយមក​ជនសង្ស័យ​បានចេញ​សែក​ធានា​គារ ABA ចំនួន​០២​សន្លឹក ឲ្យ​ទៅ​ក្រុមហ៊ុន ។ លុះដល់​ថ្ងៃ​កំណត់ ភាគី​ក្រុមហ៊ុន​បាន​យក​សែក​ទៅ​បើក​ប្រាក់​នៅ​ធាន​គារ​ABA តែ​ត្រូវ​បុគ្គលិក​ធានា​គារ​ប្រាប់​មក​ជនរងគ្រោះ​វិញ​ថា សែក​ទាំងពីរ​សន្លឹក​នេះ​ពុំមាន​សាច់ប្រាក់​នៅក្នុង​កុង​ធានា​គារ​ទេ ។

បន្ទាប់មក​ជនរងគ្រោះ​ធ្វើការ​ទំនាក់​ទំ​នង់​ទៅ​ជនសង្ស័យ តែ​ទំនាក់ទំនង​មិនបាន លុះដល់​ថ្ងៃកើតហេតុ ជនសង្ស័យ​បានមក​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ខន​គ្រី​ត​ ដោយ​ពុំមាន​ប្រាក់​ទូទាត់​ឲ្យ​ក្រុមហ៊ុន ទើប​ជនរងគ្រោះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រួច​ជនរងគ្រោះ​បានដាក់​ពាក្យ​បណ្តឹង​​​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds