មនុស្ស ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញមួយបានលិចនៅក្នុងប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ បើតាមអាជ្ញាធរបានឱ្យដឹងក្នុងថ្ងៃពុធនេះថា មនុស្ស ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញមួយបានលិចនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ នាវាដឹកទំនិញនេះបានក្រឡាប់កាលពីរសៀលថ្ងៃសៅរ៍ ជាមួយអ្នកដំណើរទាំងអស់ ១៨នាក់ ដែលធ្វើដំណើរពីក្រុង Bitung ទៅកាន់តំបន់ Morowali នៅភាគខាងត្បូង។ ក្នុងនោះមានអ្នករស់រានមានជីវិត អាយុ ៣៥ឆ្នាំ ម្នាក់ត្រូវបានរកឃើញ ដោយសារគាត់បានអណ្តែតនៅលើផ្ទៃទឹកជាមួយនឹងអាវពោងដែលជាប់នឹងខ្លួនគាត់កាលពីថ្ងៃអង្គារ ហើយពេលនេះគាត់កំពុងទទួលការព្យាបាលវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ។
មន្ត្រីខាងរុករក និងសង្គ្រោះឈ្មោះ Basrano បាននិយាយថា សមាជិកនាវិក ១៧នាក់ ដែលបាត់ខ្លួនកំពុងត្រូវបានគេស្វែងរកបន្ត ហើយនាវាសង្គ្រោះក៏ត្រូវបានគេដាក់ពង្រាយ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា នាវាដឹកស៊ីម៉ងត៍ឈ្មោះ KM Lintas Timur ប្រវែង ៨០ម៉ែត្រ នេះបានក្រឡាប់ទៅក្នុងសមុទ្រ បន្ទាប់ពីម៉ាស៊ីនរបស់វាមានបញ្ហា ហើយរលត់។ គ្រោះថ្នាក់លើសមុទ្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទើរតែជារឿងធម្មតាទៅហើយ ដែលប្រជាជននៃប្រទេសប្រជុំកោះជាង ១៧,០០០ នេះភាគច្រើនប្រើប្រាស់កាណូត និងទូកផ្សេងទៀតដើម្បីធ្វើដំណើរ បើទោះបីជាស្តង់ដារសុវត្ថិភាពនៅមិនល្អក៏ដោយ។
បើគិតទៅមនុស្សប្រមាណ ១៦០នាក់ បានស្លាប់ នៅពេលដែលសាទ្បាងមួយបានលិចចូលទៅក្នុងបាតបឹងដ៏ជ្រៅជាងគេក្នុងពិភពលោក លើកោះស៊ូម៉ាត្រាកាលពីឆ្នាំមុន។ មនុស្សជាង ៣០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានលង់ទឹកស្លាប់នៅ ឆ្នាំ២០០៩ នៅពេលដែលសាឡាងមួយបានលិច នៅម្តុំចន្លោះកោះ Sulawesi និង Borneo ៕