គុនខ្មែរ៤រូប ត្រូវប្រជែងគ្នាដណ្ដើមកៅអី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ TV5 Boxing
ភ្នំពេញ: អ្នកប្រដាល់៤រូប ចុងក្រោយ ត្រូវប្រជែងគ្នាដណ្ដើមកៅអី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នឹងបញ្ចប់វគ្គជម្រុះជុំទី៣ នៅយប់ថ្ងៃទី៨ មិថុនា ខាងមុខនេះហើយ ។
អ្នកប្រដាល់សូត្រ វាសនា របស់ក្លិបបក្សីស្លាបដែក ត្រូវតស៊ូជាមួយ អ្នកប្រដាល់ ជី ឆៃលី សមាគមប្រដាល់ ក្រសួងការពារជាតិ ។ ចំណែកលី តក់ ក្លិបតាព្រហ្មមានជ័យ ត្រូវជួបជាមួយ អ្នកប្រដាល់ ផាន់ សុផាត ក្លិបពុទ្ធសេរីវង្សកីឡា។
សូត្រ វាសនា ទោះបីមុខគេមិនសូវរឹងមែន តែជង្គង់ និងកែងរបស់គេមិនធម្មតានោះទេ តែអ្នកប្រដាល់រូបនេះ ឆាប់ស្រុតកម្លាំងបន្តិច ។ វាសនា ច្រើនតែប្រើជង្គង់ផ្ដួលគូប្រកួត ឲ្យចុះចាញ់មុនទឹកទី៥។
ចំពោះ ឆៃលីវិញ ទោះបីកំពស់របស់គេ ចាញ់ប្រៀបវាសនាមែន តែគេជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃ និងទាត់បានល្អណាស់ កែងនិងជង្គង់របស់គេ ក៏មិនស្រួលទប់ទល់ដែរ។ ឆៃលី ចូលចិត្តវ៉ៃប្ដូរ ។
ប្រកួតនៅជុំទី១ វាសនា ផ្ដួល សយ សី ឲ្យសន្លប់នៅទឹកទី១ នៅជុំទី២ ឈ្នះអ្នកប្រដាល់ ឬទ្ធី សាស្ត្រាវុធ ដោយពិន្ទុ ។ ចំពោះ ឆៃលី វិញ នៅជុំទី១ គេឈ្នះ សល់ ស្រស់ នៅទឹកទី៣ និងជុំទី២ ឈ្នះ អេ អាំម៉ារីន ភូថង ដោយពិន្ទុ។ នរណា ប្រជែងបានកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?។
ចំណែកលី តក់ ត្រូវជួបជាមួយ អ្នកប្រដាល់ ផាន់ សុផាត ដើម្បីប្រជែងយកកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ លី តក់ ជាអ្នកខ្លាំង និងចិត្តធំ រីឯផាន់ សុផាតវិញ កណ្ដាប់ដៃរបស់គេ ធ្ងន់ណាស់ ។ នៅជុំទី១ លី តក់ផ្ដួល ខ្លើយ ណាន នៅទឹកទី៣ ហើយនៅជុំទី២ ឈ្នះ សេក សារ៉ាន់ ដោយពិន្ទុ ។ ចំពោះ សុផាតវិញ នៅជុំទី១ គេផ្ដួល សំរាំង ភក្ដី នៅទឹកទី១ និងជុំទី២ ផ្ដួលអ្នកប្រដាល់ អេ ហនុមាន ក្លិបអេភូថងកីឡា នៅទឹកទី២ ។
កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តើធ្លាក់ទៅលើកណ្ដាប់ដៃ អ្នកប្រដាល់ លី តក់ ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃ ផាន់ សុផាត ?៕