អ្នកវិភាគ៖ នំបញ្ចុកសាមគ្គីជាតិ នឹងមិនអាចកើតឡើងបានឡើយ បើភាគីម្ខាងនៅតែរងការធ្វើទុក្ខបុកម្នេញ
ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញាលី ស្រីស្រស់ អះអាងថា ការហូបនំបញ្ចុកផ្សះផ្សាជាតិ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើក្រុមមួយហូបដោយសប្បាយចិត្តគ្មានការសួរនាំ ខណៈក្រុមម្ខាងទៀតត្រូវបានអាជ្ញាធរសួរនាំគ្រប់ពេលទទួលទាននោះ។
កញ្ញាបន្តថា ការផ្សះផ្សាជាតិវាមិនមែនអាស្រ័យលើការហូបនំបញ្ចុកនោះទេ តែការសាមគ្គីជាតិឬការផ្សះផ្សាជាតិត្រូវការឆន្ទៈ និងកាយវិការអាធ្យាស្រ័យគ្នាពិតប្រាកដរវាងអ្នកនយោបាយនឹងអ្នកនយោបាយ។ ប្រសិនបើអ្នកនយោបាយខ្មែរនៅតែកាន់គំនិត និង ចរិតចង់ចាញ់ឈ្នះគ្នាឥតឈប់ឈរ ដូចពេលកន្លងមកទៀត ខ្លាចតែសូម្បីនំបញ្ចុកក៏គ្មានហូបផងនៅថ្ងៃខាងមុខ។
ការលើកឡើងនេះធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសជាផ្លូវការឱ្យក្រុមមន្ត្រីថ្នាក់ក្រោមរបស់ខ្លួននាំគ្នាបរិភោគនំបញ្ចុកដែលលោកឱ្យឈ្មោះថា នំបញ្ចុកសាមគ្គីជាតិខ្មែរដើម្បីឌឺដងទៅក្រុមលោកសម រង្ស៊ី។ លោកថា ការហូបនំបញ្ចុកជាទ្រង់ទ្រាយធំនឹងធ្វើឡើងនៅថ្ងៃទី៩ មិថុនា។
ចំណែកអតីតប្រធានគណបក្សប្រឆាំងលោកសម រង្ស៊ី ក៏បានប្រកាសដែរដោយស្នើឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជានាំគ្នាពិសារនំបញ្ចុកជាមួយគ្នានៅថ្ងៃអាទិត្យទី៩ខែមិថុនា ដែលលោកហៅថាជាទិវានំបញ្ចុកសាមគ្គី។ លោកបន្តថា ការពិសារនំបញ្ចុកនេះនឹងធ្វើឡើងដោយរីករាយគ្មានការភ័យខ្លាចអ្វីទាំងអស់។ លោកក៏បានណែនាំពលរដ្ឋបែបឌឺដងទៅលោកហ៊ុន សែនដែរថា ឱ្យអញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះជាមួយគ្នា ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ៕