ចិន និងចិនវាយគ្នាមួយប្រាវ ម្នាក់ប្រឹងរើរត់ទាំងមានឈាមហូរពេញខ្លួនប្រាណឲ្យគេឯងជួយ
ភ្នំពេញ ៖ ជនជាតិចិនម្នាក់រត់ទាំងរបួសជាច្រើនកន្លែង និងមានឈាមហូរស្រោចពេញខ្លួនរកអោយគេឯងជួយ បន្ទាប់ពីជនជាតិចិនដូចគ្នាចំនួន៣នាក់ នាំគ្នាដេញវាយតាមផ្លូវចាប់ក្រៀកយកដបវាយបែកក្បាល និង ចាក់ត្រូវជាច្រើនកន្លែង និងបម្រុងលើកដាក់រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង តែត្រូវបានជនរងគ្រោះរើរត់រួចខ្លួននោះ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចរបងខាងក្រោយស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថាមុនកើតហេតុមានបុរសជនជាតិចិន៣នាក់ បានដើរមកដល់ចំណុចក្បែរស្ថានទូតរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ មិនមានមូលហេតុអ្វីនោះទេ ស្រាប់តែបុរស២នាក់នេះ បានយកដបស្រាវាយក្បាល និងយកដបស្រាដែលវ៉ៃជនរងគ្រោះបែកក្បាលនោះ មកចាក់ភ្លៅស្ដាំ លើបុរសជនជាតិចិនម្នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដេកដួលនៅផ្លូវ។
សាក្សីបន្តថា ភ្លាមៗបុរសជនជាតិដៃដល់ទាំង២នាក់នោះ បានហៅលើទូរស័ព្ទតេហៅអ្នកណាមិនដឹងនោះទេ ក្រោយមកមានបុរសម្នាក់ បើករថយន្តដឹកជនរងគ្រោះ ប៉ុន្តែមានប្រជាពលរដ្ឋស្រែកផ្អើលឆោឡោនោះ ក៏ជនបង្កភ័យខ្លាចសមត្ថកិច្ចមកទាន់បានឡើងជិះរថយន្តម៉ាក Highlander ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2S-8007 រត់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះរត់ពេញផ្លូវរកគេជួយ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ ដើម្បីយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងធ្វើការសួរនាំដើម្បីស្រាវជ្រាវ តាមចាប់ខ្លួនេះដៃដល់៕