សំណុំរឿង «ចំប៉ីខ្មៅ» ប្រមាថពូជសាសន៍ខ្មែរ នឹងត្រូវតុលាការប្រកាសសាលក្រម នៅថ្ងៃ២០ ខែមិថុនា

(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនការជំនុំជម្រះ លើសំណុំរឿងយុវជនភេទទី៣ ឈ្មោះយិន ហេង ហៅ «ចំប៉ីខ្មៅ» នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ រួចមក ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

សវនាការនៅព្រឹកមិញនេះ មានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ នៃសាលសំបូងរាជធានីភ្នំពេញ ដោយបានចោទសួរដេញដោល ទៅលើ ជនជាប់ចោទ យិន ហេង។

 

ទោះបីអវត្តមានមេធាវីជនជាប់ចោទក៏ដោយ ប៉ុន្តែសវនាការសួរដេញដោល បានដំណើរការទៅ ដោយហេតុថា ជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការបានដោយស្មគ្រ័ចិត្ត។ ចាប់តាំងពីការសាកសួរពីដំបូងរហូតដល់បញ្ចប់ការជំនុំជម្រះ ជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និងបានសម្តែងការស្តាយក្រោយចំពោះទង្វើរបស់ខ្លួនកន្លងមក។ ទោះជាយ៉ាងណា ជនជាប់ចោទ ក៏បានស្នើសុំតុលាការឱ្យលើកលែងការចោទប្រកាន់ បន្ធូរបន្ថយទោសដល់រូបគេ ដើម្បីបាននៅក្រៅឃុំវិលទៅរស់ក្នុងសង្គម និងក្រុមគ្រួសារឡើងវិញ។

«ចំប៉ី ខ្មៅ» ដែលបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរផ្អើលពេញបណ្តាញសង្គម Facebook ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។ យុវជនរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។

មុនពេលចាប់ខ្លួន «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឱ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ។

តាមចម្លើយសារភាពរបស់ ជនជាប់ចោទរូបនេះគឺ មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឲ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds