តើកម្ពុជាក្រោម បាត់បង់ដោយរបៀបណា?
ភ្នំពេញ៖ រយៈពេល៧០ឆ្នាំហើយ ដែលទឹកដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ អតីតខេត្តខ្មែរទាំង២១នេះ ត្រូវបារាំងកាត់ឲ្យវៀតណាមនៅថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ដើម្បីលើកទឹកចិត្តវៀតណាមខាងត្បូង ប្រឆាំងចលនាកុម្មុយនីស្តវៀតណាមខាងជើង ដែល ដឹកនាំដោយ លោក ហូ ជីមិញ។ តើកម្ពុជាក្រោមបាត់បង់ដោយរបៀបណា?
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងពិធីរម្លឹកខួប៧០ឆ្នាំថា បារាំងបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាម តាមរយៈសន្ធិសញ្ញាឆ្នេរយ៉ាឡុង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។ មូលហេតុដែលនាំបាត់បង់កម្ពុជាក្រោម ដោយរម្លឹកពីការធ្លាក់ចុះដុនដាប របស់អំណាចខ្មែរនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យជេដ្ឋាទី២ ដោយសារសម្ពាធប្រទេសជិតខាងពីរ គឺសៀម និងយួន។ ការគាបសង្គត់ពីសៀម បានធ្វើឲ្យព្រះអង្គចាប់ដៃជាមួយវៀតណាម ដើម្បីទប់ជាមួយសៀម។ «នេះជានយោបាយរំដោះខ្លួន ដើម្បីការពារខ្លួន ប៉ុន្តែ នយោបាយរបស់ព្រះអង្គ បានផ្តល់ឥទ្ធិពផលអាក្រក់ដល់អ្នកជំនាន់ក្រោយ»។ នេះជាការអះអាងបញ្ជាក់របស់លោក ដៀប សុផល ដោយពន្យល់បន្ថែមថា ដើម្បីភ្ជាប់ទំនាក់ទនងជាមួយវៀតណាម ក្រៅពីព្រមទទួលយកបុត្រីរបស់ស្តេចវៀតណាម មកធ្វើជាមហេសី ស្តេចជ័យជេដ្ឋាទី២ បានអនុញ្ញាតឲ្យប្រជាជនវៀតណាម រស់នៅលើដីសណ្តទន្លេមេគង្គនៅកម្ពុជាក្រោម ដោយបង្គាប់ឲ្យបង់ពន្ធឲ្យរដ្ឋាភិបាលខ្មែរដូចប្រជាជនខ្មែរដែរ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បន្ទាប់ពីការអនុអញ្ញាតរបស់ព្រះអង្គមក ជនជាតិវៀតណាម បានហូរចូលមកកម្ពុជាក្រោម កាន់តែច្រើនឡើងៗ។ លោកបញ្ជាក់ពីមូលហេតុដែលព្រះអង្គយល់ព្រមឲ្យប្រជាជនវៀតណាមមករស់នៅលើដីខ្មែរយ៉ាងដូច្នេះថា៖«ខ្ញុំជឿថា ព្រះអង្គត្រូវការពឹងវៀតណាម ដើម្បីប្រឈមមុខ ជាមួយកងទ័ពសៀម ដែលកំពុងគាបសង្កត់ខ្មែរ។ បើសិនព្រះអង្គដឹងថា ថ្ងៃក្រោយទៅ ទឹកដីកម្ពុជាក្រោម ក្លាយជារបស់វៀតណាម ព្រះអង្គក៏មិនអនុញ្ញាតនោះទេ។ ប៉ុន្តែ ក្នុងនាមជាអ្នកនយោបាយ គឺត្រូវតែគិតគូរឲ្យបានវែងឆ្ងាយអំពីមរតកនយោបាយរបស់ខ្លួនថា តើកូនចៅជំនាន់ក្រោយនឹងទទួលអ្វីខ្លះដែរ? នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គ្មានឯកសារណាបញ្ជាក់នោះទេ»។
ដោយឡែក នៅក្នុងរាជព្រះបាទអង្គឌួង ត្រូវបានសាស្ត្រាចារ្យរូបនេះ បានពន្យល់ថា ព្រះអង្គបានបញ្ជូនកងទ័ពទៅគ្រប់គ្រងកម្ពុជាក្រោម និងបណ្តេញជនជាតិវៀតណាម ប៉ុន្តែ គួរឲ្យសោកស្តាយ ព្រះអង្គបានចូលទិវង្គត។ ក្រោយមកបារាំងបានមកដាក់អាណានិគមលើកម្ពុជា និងបានកាត់ដីកម្ពុជាក្រោម ឲ្យវៀតណាមជាផ្លូវការនៅឆ្នាំ១៩៤៩។មូលហេតុដែលបារាំងកាត់ដីកម្ពុជាក្រោមឲ្យវៀតណាម គឺដើម្បីការលើកទឹកចិត្តកងទ័ពវៀតណាមខាងត្បូង ដើម្បីពង្រឹងកម្លាំងទ័ពប្រឆាំងចលនាវៀតណាមកុម្មុយនីស្តខាងជើង ដែលដឹកនាំដោយ លោក ហូ ជីមិញ៕
អត្ថបទ៖ សុខ លាភ