អង្គការ-សមាគមខ្មែរកម្ពុជាក្រោមរំលឹកខូបលើកទី៧០ឆ្នាំ ដែលកម្ពុជាក្រោមបាត់អធិបតេយ្យ
ថ្ងៃនេះជាទិវាកាន់ទុកខូបទី៧០ឆ្នាំនៃការប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ថ្ងៃទី៤ ខែមិថុនា ២០១៩។
ដូចរាល់ឆ្នាំថ្ងៃនេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និង អង្គការផ្សេងៗទៀត បានប្រារព្ធពិធីរម្លឹកខួប៧០ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង។ ពិធីរម្លឹកខួប៧០ឆ្នាំនេះ មានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតី ដូចឆ្នាំមុនៗដែរ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានចេញសេចក្តីអំពាវនាវ ថា «កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្មារតីកូនខ្មែរស្នេហាជាតិសុទ្ធសាធ ដើម្បីសម្តែងគារវកិច្ច និងដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងសាសនា ព្រមទាំងកូនខ្មែរគ្រប់រូបចងចាំទិវាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះក្នុងន័យកុំឲ្យដានប្រវត្តិសាស្ត្រអតីតកាលនៃការបាត់បង់ទឹកដីនិងសោកនាដកម្មដ៏សែនខ្លោចផ្សា វិលមករកកូនខ្មែរជាថ្មីទៀត»។
សូមរម្លឹកថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង និងប្រធានាធិបតីបារាំង បានអនុម័តប្រគល់កម្ពុជាក្រោមដែលមាន២១ខេត្ត ទៅឲ្យវៀតណាមគ្រប់គ្រងដោយមានការបានសម្រេចដាក់ទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ កាលនោះ កម្ពុជា ស្ថិតក្រោមអាណានិគមបារាំង៕
អត្ថបទ៖ សុខ លាភ