ចាប់ផ្សឹកលោកនេន២អង្គ បន្ទាប់ពីពួកគេកំពុងសម្ងំសេពគ្រឿងញៀននៅកុដិ
បាត់ដំបង ៖ សាមណេរ២អង្គត្រូវបានសមត្ថកិច្ចចាប់ប្រគល់ឱ្យចៅអធិការវត្តធ្វើការផ្សឹកភ្លាមៗ និងយុវជន២នាក់ទៀតគ្រាន់តែធ្វើការអប់រំ បន្ទាប់ពីតាមទាន់ពួកគេកំពុងសម្ងំសេពគ្រឿងញៀននៅកុដិចំនួន២ក្នុង«វត្តក្ដុល» កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ មិថុនា ដែលស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។
របាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលដូនទាវ អាជ្ញាធរដែនដី រួមទាំងគណ:កម្មការវត្តក្តុលផង បានចុះត្រួតពិនិត្យកុដិលេខ៥ និងលេខ៨ ដែលសង្ស័យថា លោកនេន២អង្គ និងយុវជន២នាក់ កំពុងសំងំប្រើប្រាស់ថ្នាំញៀន ហើយក៏បានឃាត់ខ្លួននេន២អង្គ និងយុវជន២នាក់ ជាមួយ នឹងសម្ភារ សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។
ប្រភពបន្តថា ជនទាំង៤នាក់រួមមាន ឈ្មោះ ផន សំរេច អាយុ១៩ឆ្នាំ , ឈ្មោះហៀង ទិត្យ អាអាយុ១៧ឆ្នាំជាគ្រហស្ត ។ ដោយឡែក លោកនេនឈ្មោះផន សុភាព ហៅ កណ្តុរ អាយុ១៩ឆ្នាំ និងឈ្មោះមុត យឿម អាយុ២៣ឆ្នាំ ដែលគង់នៅក្នុងវត្តក្ដុលទាំង២អង្គ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនទាំង២នាក់នេះ តែងនាំគ្នាទៅសំងំក្នុងកុដិទាំង២ ជាមួយលោកនេន២អង្គនោះជាញឹកញាប់ ធ្វើឲ្យអ្នកភូមិនិងព្រះសង្ឃនានានៅក្នុងវត្តមានការសង្ស័យជាខ្លាំង ។ ប៉ុន្មានខែចុងក្រោយនេះ គេមិនឃើញលោកនេន២អង្គចេញពីកុដិ ឬចេញទៅបិណ្ឌបាតចង្ហាន់ ។ រីឯយុវជន២នាក់នោះ ក៏តែងឃើញទៅលេងកុដិទាំង២នោះជាញឹកញាប់ទៀត។ ពេលជួបគ្នាម្ដងៗ ពួកគេសម្ងំនៅក្នុងកុដិ រហូតមិនចេញទៅណាទេ ។ ប៉ុន្តែដោយសារតែមានការសង្ស័យ ទើបព្រះសង្ឃនៅក្នុងវត្តនិងអ្នកភូមិផង បានតាមដានរហូតដឹងការពិត ដែលពួកគេទាំងសង្ឃទាំងគ្រហស្ថ នាំគ្នាសម្ងំប្រើប្រាស់ថ្នាំញៀនស្ទើររាល់ថ្ងៃ ហើយគេក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីមានវិធានការតែម្ដង។
លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា គោលការណ៍របស់លោកស្នងការខេត្ត មិនបានចាត់ការក្រុមនេះតាមផ្លូវច្បាប់ទេ ដោយគ្រាន់តែធ្វើការអប់រំដល់យុវជន២នាក់នោះតែប៉ុណ្ណោះ។ ដោយឡែក លោកនេនសេបថ្នាំញៀង០២អង្គនោះ ត្រូវបានប្រគល់ជូនចៅអធិការវត្តចាត់ការតាមវិន័យសង្ឃ។ ប៉ុន្តែបើតាមក្រុមគណ:កម្មការវត្តក្ដុលខាងលើនេះ បានឲ្យដឹងថា ដោយមានការអនុញាត្តពីលោកគ្រូមេគណៈ,ខេត្ត និងមន្ទីរធម្មការខេត្តផង លោកគ្រូចៅអធិការវត្តក្ដុល រួមទាំងក្រុមគណ:កម្មការវត្តផង បានសម្រេចធ្វើការផ្សឹកលោកនេនញៀនថ្នាំទាំង២អង្គហើយ ៕
អត្ថបទ៖ សុខ លាភ