រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​កុំ​ឲ្យ​ប្រើ​បណ្តាញ​ 5G របស់​ក្រុមហ៊ុន Huawei

ជា​ថ្មី​ម្តង​ទៀតសហរដ្ឋ​អាមេរិក ​​អំពាវនាវ​ឲ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​ខ្លួន​ថ្លែង​ថា​ជា​ហានិភ័យ​ផ្នែក​សន្តិសុខ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​ចិន​ Huawei​ ខណៈដែល​ប្រទេស​នានា​កំពុង​បង្កើត​បណ្តាញ​ 5G របស់​ខ្លួន។

បន្ទាប់​ពី​ជំនួប​រវាងរដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ​នឹង​រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​ហូឡង់​លោក Stef Blok​ នៅ​ក្នុង​ទីក្រុង​ឡាអេ​ ​កាលពី​ថ្ងៃ​ចន្ទ​ ​លោក Mike Pompeo បាន​ថ្លែងថា៖ «យើង​មាន​ភាព​ច្បាស់​លាស់។ អ្វី​ដែល​យើង​ស្នើ​គឺ​ស្នើ​ឲ្យ​សម្ព័ន្ធ​មិត្ត​ ដៃគូ និង​មិត្ត​របស់​យើង​ទាំង​អស់​ កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ទៅ​លើ​សន្តិសុខ​រួម​ ឬ​ដាក់​កំហិត​ទៅ​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​រសើប‍»។

សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​ការទូត​កំពូលរបស់​អាមេរិក​រូប​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​ហូឡង់​បាន​រាយការណ៍​អំពី​ការ​ស៊ើប​អង្កេត​ទៅលើ​កម្មវិធី​បង្កប់​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Huawei ចូល​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត។

កាលពីពេលថ្មីៗ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​រារាំង​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ប្រទេស​ចិន​យ៉ាង​មាន​ប្រសិទ្ធភាព មិន​ឲ្យ​បង្កើត​បណ្ដាញ​ចល័ត 5G នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​ព្រមាន​ប្រទេស​ផ្សេង​ទៀត​អំពី​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​ក្រុមហ៊ុន Huawei អាច​បង្ក។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Huawei វិញ ហាក់​ដូចជា​មិន​បាន​បង្ហាញ​សញ្ញា​ដក​ថយ​ណា​មួយ​ទេ និង​បាន​ប្ដេជ្ញា​យក​ឈ្នះ​អ្នក​រិះគន់​ខ្លួន និង​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​គឺ​ជា​ ការ​គំរាមកំហែង​សន្តិសុខ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds