អាជ្ញាធរសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យកសិករនៅ រួមគ្នា​ដាំ​បន្លែ​ឱ្យ​បានច្រើនមុខ ដើម្បី​ទប់​ទល់ជាមួយបន្លែនាំចូលពីប្រទេសជិតខាង

អាជ្ញាធរសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានលើកទឹកចិត្តឱ្យកសិករនៅភូមិខាំផាន់ ចំណុច​ខេ រួមគ្នា​ដាំ​បន្លែ​ឱ្យ​បានច្រើនមុខបន្ថែមទៀត​ ដើម្បីធ្វើឱ្យភូមិមួយនេះ​មានបន្លែនាំចេញ​ទៅលក់​នៅលើ​ទី​ផ្សារ​ ដើម្បី​ទប់​ទល់ជាមួយបន្លែនាំចូលពីប្រទេសជិតខាង ។

​មេភូមិខាំផាន់លោក អន ជួន បានបញ្ជាក់ថា ​ក្រោយពីមានការទទួល​ស្គាល់​ពី​គណៈ​កម្មការ​ស្តា ​និង​អភិវឌ្ឍន៍វិស័យកសិកម្មមក កសិករនៅភូមិខាំ​ផាន់​នេះ​បានចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើអោយការដាំ​បន្លែ​បង្កាបានកាន់តែច្រើន បន្ទាប់ពីទទួលជោគជ័យលើការដាំពោតវិលជុំ។

លោកថា នេះជាកត្តាចម្បង​ក្នុងការដោះស្រាយជីវភាព​រស់នៅ ដោយ​មិនពឹងផ្អែក​ទៅលើការ​ដើរ​ស៊ី​ឈ្នួល​លក់កម្លាំងពលកម្ម ឬខ្ចីបុល​ប្រាក់ពី​ធនា​គារនាំឱ្យមានផលវិបាករកប្រាក់សងគេ ។

ចំណែកលោកស្រីស៊ុយ ចាន់ ឌឿន កសិករដាំដំណាំបន្លែម្រះ បានអោយដឹងថា​ កសិករនៅ​ចំណុចខេ​នេះ​ដាំបន្លែបានស្ទើគ្រប់មុខហើយ ព្រោះមានទីផ្សារបញ្ជាទិញងាយស្រួលជាងឆ្នាំកន្លងមក ផលិតបាន​នាំទៅ​លក់នៅទីផ្សារឆ្ងាយចំណាយថវិកាដឹកជញ្ជូនច្រើន។ ដំណាំម្រះស្រួលដាំជាង​ដំណាំ​បន្លែ​ផ្សេងៗ​ ព្រោះ​ពុំ​សូវមានសត្វល្អិតស៊ីដូចជាស្ពៃឬត្រសក់នោះទេ តែត្រូវការថែទាំដូចគ្នា ទើបឆាប់​បាន​ផ្លែ​លក់។

លោកស្រី បន្ថែមថា តម្លៃម្រះថ្លៃ២០០០ទៅ​២២០០រៀល ឬយ៉ាង​ថោកបំផុត​តម្លៃ១៥​០០រៀល ​ក្នុង​មួយ​គីឡូ​ក្រាម និយាយទៅឱ្យតែយើងដាំបានច្រើនទៅ មួយ​គី​ឡូ​ក្រាម តម្លៃ១៥០០ទៅ២០០០រៀល​អត់​ដែលចុះដល់​៧០០ឬ៨០០​រៀល​ទេ។ បន្លែ​នាំ​ចេញពីតំបន់នេះ ភាគច្រើន អ្នក​បញ្ជាទិញ​នាំចេញទៅ​ខេត្តរតនគីរី -ក្រចេះ និងខេត្តព្រះវិហារ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds