សម្ដេច ហេង សំរិន តបទៅ​វៀតណាម​ថា ​កម្ពុជា គ្មាន​ករណី​ពិសេស​សម្រាប់​ជនជាតិ​ណា​ឡើយ​

យោងតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​០៣ ខែមិថុនា នេះ បានអោយដឹងថា ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន ប្រាប់​មេដឹកនាំ​វៀតណាម​ថា ច្បាប់​កម្ពុជា គ្មាន​ករណី​ពិសេស​សម្រាប់​ជនជាតិ​ណាមួយ​ឡើយ ។ ការលើកឡើង​របស់​ស​ម្ដេច ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ប្រមុខរដ្ឋ​វៀតណាម​ដែល​បានស្នើ​ឲ្យ​ប្រធានរដ្ឋសភា ជួយស្នើទៅរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្រប ក្នុងការផ្ទេរលំនៅឋានប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹក មកលើគោកក្នុងខេត្តកំពង់ឆ្នាំង។

 

គេហទំព័រ​ក្រសួង​ព័ត៌មាន ដកស្រង់សម្តីលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងជំនួបពិភាក្សាជាមួយលោក ជំទាវង្វៀង ធីគឹមង៉ាន់ ប្រធានរដ្ឋសភាវៀតណាម​ ។ នៅក្នុងជំនួបភាគពិភាក្សាទ្វេភាគី​វៀតណាម​បានស្នើដល់​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជួយសម្រួលដល់ការផ្ទេរ​លំនៅឋាន​របស់​ប្រជា​ជន​អន្តោប្រវេសន៍វៀតណាមនៅខេត្តកំពង់ឆ្នាំង ដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ឱ្យឡើងមករស់​នៅតំបន់គោកក្នុងខេត្តកំពង់ឆ្នាំង ​គឺភាគីវៀតណាម​បានស្នើឱ្យសម្ដេច​ប្រធាន​រដ្ឋសភា​ ជួយ​ស្នើទៅ​រដ្ឋា​ភិ​បាល ​ធ្វើយ៉ាងណាឱ្យអនុវត្តន៍ឱ្យបានសមស្របក្នុងការផ្ទេរលំនៅឋាននេះ។

ជាការឆ្លើយតបសម្ដេចពញាចក្រី ហេង សំរិន បានជម្រាបជូនភាគីវៀតណាមថា កម្ពុជាអនុវត្តន៍​ទៅ​តាម​ច្បាប់​នៃប្រទេសកម្ពុជា គឺជាការអនុវត្តច្បាប់ទូទៅច្បាប់អន្តោប្រវេសន៍ ចំពោះជនបរទេសទាំងអស់ ដែល​កំពុងរស់នៅលើទឹកដីកម្ពុជា ទាំងជនអន្តោប្រវេសន៍វៀតណាម និងជនជាតិដទៃទៀតនៅកម្ពុជា។​ រដ្ឋាភិ​បាលកម្ពុជា​អនុវត្តន៍តាមច្បាប់​អន្តោប្រវេសន៍​ ដោយមិនមាន​ករណី​ពិសេសសម្រាប់ជនជាតិ​ណាមួយ​​​ដែល​កំពុងរស់នៅកម្ពុជាឡើយ។

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds