មន្រ្តីយោធាម្នាក់ ត្រូវសមត្ថកិច្ចកំពុងតាមចាប់ក្រោយបាញ់៤គ្រាប់ ផ្អើលខារ៉ាអូខេ B Gold នៅក្រុងតាខ្មៅ
(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ ត្រូវម្លាំងសមត្ថកិច្ចខេត្តកណ្តាល កំពុងតែតាមចាប់ខ្លួន ក្រោយផឹកស្រាស្រវឹង ហើយដកកម្លាំងបាញ់ចំនួន៤គ្រាប់ចូលក្នុងហាងខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានគេចខ្លួនបន្ទាប់ពីបាញ់ចំនួន៤គ្រាប់។
សមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានបើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ឮ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា មុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ c125 ពណ៌ខ្មៅ សេរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាង B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស ០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។
ទោះជាយ៉ាងណា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកអនុវត្តតាមផ្លូវច្បាប់។