ឃាតកររំលោភសម្លាប់ក្មេង២នាក់នៅខេត្តព្រះសីហនុ ត្រូវប៉ូលិសចាប់ខ្លួនបាននៅខេត្តព្រៃវែង
ព្រះសីហនុ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលនេះថា កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ឃាតកម្មដ៏ព្រៃផ្សៃនេះបង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។